រឿងកំប្លែងទី១៩ សួនសត្វសាហាវ

រឿងកំប្លែងទី១៩ សួនសត្វសាហាវ

នៅក្នុងសួនមួយឈ្មោះថាសួននយោបាយសត្វ មានសត្វចម្រុះដែលរស់នៅលាយឡំគ្នា រួមទាំង សត្វតោ ខ្លា គោ ក្របី សេះ មាន់ ទា ចាប លលក និងសត្វជាច្រើនទៀត ។

នៅជ្រុងមួយនៃសួន មានដើមឈើជាច្រើនដែលមានផ្លែច្រើន និង មានចំណីជាច្រើនក្រៃលេងនៅទីនោះ តែកន្លែងផ្សេងៗទៀតមិនសូវមានអាហារហូបទេ ។

សត្វសាហាវៗដូចជា ពស់វែក ខ្លា តោ ។ល។ បានជួបជុំគ្នា និង រកល្បិចបំភ័យ សម្លុត គំរាមសត្វទាំងឡាយនៅក្នុងសួនជាមួយគ្នាកុំឲ្យទៅទីនោះ ព្រោះបារម្ភសត្វដទៃនាំគ្នាទៅទីនោះច្រើនកុះករដែលបណ្តាលឲ្យអស់ចំណី ។

ក្រោយពីប្រជុំគ្នារួច សត្វខ្លាបានប្រកាសថា ពពួកសត្វទាំងឡាយអើយ កុំទៅជ្រុងមួយនៃសួនឲ្យសោះព្រោះមានបីសាចសាហាវ និងតែងតែសុីយើងទាំងរស់ ។ ចំណែកសត្វតោបានប្រកាសថា នៅទីនោះមានទ្រុងពួកព្រានដែលតែងតែចាប់យើងយកធ្វើជាម្ហូបអាហារ និងមិនងាយរួចខ្លួនទេ ។ លើសពីនេះ សត្វពស់វែកបានបញ្ចេញ យោបល់ថា ជ្រុងនោះជាជ្រុងមានជ្រោះសែនជ្រៅដែលអាចឲ្យយើងធ្លាក់ចូលដោយពុំដឹងខ្លួន រហូតស្លាប់គ្មានថ្ងៃកើតមកវិញទេ ។

ពពួកសត្វជាពិសេសសត្វស្លូតៗ សត្វល្អៗ និងសត្វស្រុកដែលមានប្រយោជន៍ដល់សង្គម បានឭដំណឹងដូចនេះ ក៏ចាប់ផ្តើមភ័យខ្លាច និងមិនហ៊ានទៅទីនោះទេ និងថែមទាំងបានព្យាយាមរស់ នៅ និងសម្ងំក្នុងព្រៃធម្មតា ។

សត្វមាន់បានឆ្លើយថា សុខចិត្តរស់នៅក្នុងព្រៃតូចមួយដែលមានសេរីភាព ប្រសើរជាងរស់នៅក្នុងព្រៃធំសម្បូរដោយសត្វខ្លា និងសត្វសាហាវនានា ។

មានសត្វស្លូតៗដូចជា គោ សេះ ពពែ សាកល្បងទៅទីនោះ តែត្រូវសត្វសាហាវលួចខាំសុីដោយគ្មានមេត្តា ដែលបន្សល់នូវព័ត៌មានប្រកបដោយការភ័យខ្លាច ។ សម្លាប់មួយបន្លាចមួយពាន់ ។ ដោយស្ថានភាពបែបនោះ ធ្វើឲ្យសត្វនានាដែលជាសត្វមានគុណតម្លៃខ្ពស់មិនហ៊ានទៅទីនោះរហូតមកដល់បច្ចុប្បន្ននេះ ។

សត្វគោបានស្រែកថា សុខចិត្តនៅបម្រើមនុស្សស្លូតៗ ប្រសើរជាងទៅទីនោះដែលមានវាសនាអាក្រក់ បើមិនជាប់ទ្រុង ឬរត់ចោលទ្រុង ក៏ត្រូវសត្វសាហាវសម្លាប់ដែរ ។

រីឯសត្វសាហាវៗ ដូចជា ខ្លា តោ ពស់ ។ល។ បាននាំគ្នាទៅទីនោះ និងទទួលបានចំណីឆ្ងាញ់ៗ ព្រមទាំងព្យាយាមកាន់កាប់ គ្រប់គ្រងតំបន់នោះទៅតាមកម្លាំង និងសមត្ថភាព ។

តោដែលមានកម្លាំងខ្លាំងជាងគេបានប្រាប់ពួកសត្វសាហាវថា យើងខ្លាំងជាងគេ ត្រូវគ្រប់គ្រងសួននេះទាំងមូល និងតំបន់មានចំណីច្រើន យើងគ្រប់គ្រងទាំងស្រុង បើអ្នកចង់បានចំណី ចាំយើងចែកឲ្យសុី ។

មួយឆ្នាំក្រោយមក តោនោះចាស់ បញ្ជាលែងមានអ្នកស្តាប់ សត្វខ្លាបានឡើងកាន់កាប់ម្តង និងចេញបទបញ្ជាដោយខ្លួនឯងថា មិនអាចនរណាមកបំផ្លាញយើងបានទេ ។ ករណីសត្វណាព្យាយាមប្រឆាំងយើង ត្រូវតែចាប់ ចោទ ឃុំ និង សម្លាប់ ។

ក្រោយពីសត្វខ្លាអស់ចង្កូមមក សត្វពស់វែករឹតតែសាហាវបានមកកាន់កាប់ និងគ្រប់គ្រងសួននេះម្តង ។ ជាបន្តបន្ទាប់មក សួននេះ ត្រូវបានគ្រប់គ្រង និង ត្រួតត្រាដោយសត្វសាហាវៗមិនចេះចប់ ។

សត្វស្លូតៗដែលទទួលរងការកាប់សម្លាប់ឥតឈប់ឈរបានប្រជុំគ្នានិងលើកឡើងថា បងប្អូនយើងស្លាប់អស់ច្រើនណាស់ ករណីដែលសត្វល្អៗ សត្វស្លូតៗ សត្វដែលមានប្រយោជន៏ដូចពួកយើងនេះមិនរួមគ្នា មិនហ៊ានប្រឈម និងមិនចូលរួមប្រកួតប្រជែងនៅតំបន់នោះទេ និង នាំគ្នាចេះតែភ័យខ្លាចដូចសព្វថ្ងៃនេះ ចំណីទាំងឡាយ ភាពភ័យខ្លាច ភាពខ្វល់ខ្វាយ បញ្ហាទាំងឡាយ នៅតែគ្រប់គ្រង ត្រួតត្រា និង ចាត់ចែងដោយពពួកសត្វសាហាវទាំងនោះជារៀងរហូត ។

មនុស្សមានប្រាជ្ញា បានរៀនសូត្រច្រើន និងមានការគិតសុីជម្រៅ មិនត្រូវដឹកនាំបែបសាច់រឿងខាងលើឡើយ ។

រង្វង់នៃសួនសត្វសាហាវ cycle of Animal Farm

farm

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.