លោកបណ្ឌិត កែម ឡី ជានរណា?

kemley13

គ្រប់គ្នាមានការភ្ញាក់ផ្អើលនិងថ្កោលទោសយ៉ាងខ្លាំង ក្រោយពីមានឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។ លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងត្រូវបានគេផ្ដល់រហស្សនាមថាជា អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា ។ លោកត្រូវបានជនអនាមិកបាញ់សម្លាប់នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ២០១៦ នេះ ខណៈលោកកំពុងអង្គុយពិសាកាហ្វេនៅក្នុង Star Mart ស្តុបបូកគោនៅម៉ោងជាង ៨ ព្រឹក ។ លោកស្លាប់ក្នុងជន្មាយុ ៤៦ ឆ្នាំ ។

តើលោកកែម ឡីជានរណា?

សូមជូនប្រវត្តិសង្ខេបលោកបណ្ឌិត កែម ឡី ដូចតទៅ៖

លោកកែម ឡី កើតក្នុងគ្រួសារក្រីក្រមួយនៅ ភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ។ បច្ចុប្បន្ន លោករស់នៅរាជធានីភ្នំពេញ។ ឪពុករបស់លោកដែលជាសាស្ត្រាចារ្យ បានស្លាប់នៅជំនាន់ ប៉ុល ពត ធ្វើឲ្យលោក និងបងប្អូនប្រុសស្រីពីរនាក់ទៀត ក្លាយជាកូនកំព្រា រស់នៅជាមួយម្តាយមេម៉ាយ ចាប់តាំងពី ឆ្នាំ១៩៧៩ មក ។

ការសិក្សា

បើទោះបីជាម្តាយមានមុខរបរត្រឹមជាអ្នកលក់នំបញ្ចុកក៏ដោយ ក៏លោក កែម ឡី បានខិតខំព្យាយាមតស៊ូរៀនសូត្ររហូតដល់ទទួលបានសញ្ញាបត្រជាន់ខ្ពស់នៅឯបរទេស ។

លោកកែម ឡី បានចាកចេញពីខេត្តតាកែវ មកសុំស្នាក់អាស្រ័យនៅវត្តបទុមក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ ។ លោកបានស្នាក់នៅវត្តរហូតដល់រៀនចប់មហាវិទ្យាល័យ ហើយបានចូលធ្វើការនៅក្រសួងសុខាភិបាល កាន់ខាងផ្នែកជំងឺឆ្លង។

លោក កែម ឡី ទទួលបានសញ្ញាបត្រនៅសាកលវិទ្យាល័យចុឡាលុងករណ៍ប្រទេសថៃផ្នែកជំនាញសិក្សាស្រាវជ្រាវលើផ្នែកសុខភាពសាធារណៈ ទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លើផ្នែកវិទ្យាសាស្ត្រសង្គម។

ការងារ

លោក កែម ឡី បានឈប់ធ្វើការងាររដ្ឋនៅក្នុងអំឡុងឆ្នាំ ២០០០ ហើយបានទៅធ្វើការនៅកាកបាទក្រហមកម្ពុជា ។ បន្ទាប់មកលោកបានចេញទៅធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលនិងទៅធ្វើជាអ្នកប្រឹក្សាឲ្យអង្គការ UNDP អស់រយៈពេល ៤ ឆ្នាំ។ ក្រោយពីបញ្ចប់ការងារនៅ UNDP លោកបានទៅធ្វើការឲ្យក្រុមហ៊ុនមួយនៅប្រទេសថៃ ដែលក្រុមហ៊ុននោះ ធ្វើការងារជួយសង្គមច្រើន ជាពិសេសជួយដល់ជនក្រីក្រនៅថៃ នៅកម្ពុជា នៅចិន និងនៅ ឥណ្ឌា ហើយបន្ទាប់ពីនោះ លោកបានទៅធ្វើជាទីប្រឹក្សាឲ្យក្រសួងសុខាភិបាល ខាងមូលនិធិសកល ។ ក្រោយមកទៅកាន់ខាងបណ្តាញអង្គការក្រៅរដ្ឋាភិបាលហៅ HACC បានមួយរយៈ។

ការស្រាវជ្រាវ និងវិភាគនយោបាយ

ដំបូងឡើយ លោក កែម ឡី បានធ្វើការសិក្សាស្រាវជ្រាវភាគច្រើនខាងផ្នែកសង្គមកិច្ច បន្ទាប់មកខាងផ្នែកដីធ្លី សិទ្ធិលំនៅឋាន សិទ្ធិមនុស្ស ធនធានរ៉ែ ហើយនៅពេលថ្មីៗនេះ លោកបានធ្វើការសិក្សាស្រាវជ្រាវ ភាគច្រើនទៅលើរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ល។

ខណៈដែលកេរ្តិ៍ឈ្មោះរបស់លោក កំពុងតែល្បីសុសសាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន លោក ត្រូវបានគេហៅថា «ជាអ្នកវិភាគឯករាជ្យ» ដោយសារតែលោកមានសេចក្តីក្លាហាន លាតត្រដាងពីបញ្ហា ដែលកំពុងតែញាំញីសង្គមខ្មែរ និងបានផ្តល់នូវដំណោះស្រាយសមហេតុផល ដែលជាផ្លូវអាចជួយរុញច្រានឲ្យសង្គមខ្មែរមានការរីកចម្រើនជឿនលឿនឆាប់រហ័សគេចផុតពីហានិភ័យ។

ជីវិតគ្រួសារ

លោក កែម ឡី បានរៀបអាពាហ៍ពិពាហ៍នាឆ្នាំ ២០០១ ។ ភរិយារបស់លោក គឺជាអាជីវករលក់ខោ អាវជជុះនៅផ្ទះល្វែងមួយ នៅផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ ។ បច្ចុប្បន្ន មានកូនសុទ្ធតែប្រុសចំនួន ៥ នាក់ ទាំងនៅក្នុងផ្ទៃភរិយា ដែលជិតគ្រប់ខែផង៕

(ប្រភពពីគេហទំព័រៈOne World One Education)

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.