លោកប្រធានាធិបតីចិនរៀបរាប់ដំណើរដើមទងនៃទំនាក់ទំនងរវាងកម្ពុជានិងចិន

china_president

សម្រង់អត្ថបទរស្មីកម្ពុជា : តបតាមសេចក្តីអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជា ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។

នេះជាលើកដំបូងដែលខ្ញុំទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាតាំងពីខ្ញុំឡើងកាន់តំណែងជាប្រធានាធិបតីចិនមក។ដូច្នេះខ្ញុំពោរពេញទៅដោយការរំពឹងទុកចំពោះដំណើរទស្សនកិច្ចលើកនេះ។

ប្រទេសកម្ពុជាគឺជាតំបន់ដ៏សំខាន់នៅតាមផ្លូវសូត្រលើសមុទ្រនាសម័យបុរាណហើយប្រកបដោយវប្បធម៌ប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់និងយូរអង្វែងក៏ដូចជាវប្បធម៌ខ្មែរដែលប្រកបដោយលក្ខណៈពិសេស។

ប្រជាជនកម្ពុជាដែលប្រកបដោយភាពឧស្សាហ៍ព្យាយាមនិងមានប្រាជ្ញាឈ្លាសវៃដោយបានកសាងអង្គរវត្តដែលជាអច្ឆរិយវត្ថុដ៏មានកម្លាំងទាក់ទាញសំណង់ដ៏មហិមានិងចម្លាក់លៀនក៏ដូចជាគំនូរជញ្ជាំងដ៏ល្អប្រណីតបានធ្វើឲ្យអ្នកផងកោតស្ងប់ស្ងែងយ៉ាងខ្លាំងដែលបានបន្សល់ទុកនៅទំព័រមិនចេះសាបសូន្យនៃប្រវត្តិសាស្ត្រអរិយធម៌របស់មនុស្សជាតិ។ ក្រោយពីបានឈានចូលសតវត្សរ៍ទី២១ បុព្វហេតុកសាងប្រទេសជាតិរបស់ប្រទេសកម្ពុជាបានឈានឡើងដល់កម្រិតថ្មីឥតឈប់ឈរហើយកម្រិតនៃជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ផងដែរដូច្នេះអនាគតរបស់ប្រទេសកម្ពុជាគឺគួរជាទីរំពឹងទុក។

ប្រទេសចិននិងប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រនៅជិតគ្នាវប្បធម៌ស្រដៀងគ្នាហើយចំពោះការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រទេសទាំង២មានប្រវត្តិសាស្ត្រជាង១០០០ឆ្នាំ។

ឆ្លងតាមរយៈផ្លូវសូត្រតាមសមុទ្រគ្រឿងកុម្ភៈការភ័ណ្ឌនិងគ្រឿងព័រសឺឡែនរបស់ប្រទេសចិនព្រមនិងគ្រឿងក្រអូបនិងគ្រឿងក្រមួនរបស់កម្ពុជាជាដើមត្រូវបានផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់រវាងប្រជាជននៃគូភាគី។ចម្លាក់លើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញពីទិដ្ឋភាពដ៏រស់រវើកនៃការប្រាស្រ័យទាក់ទងគ្នារវាងពាណិជ្ជករចិននិងប្រជាជនកម្ពុជាកាលពីសម័យបុរាណ។ពីសតវត្សរ៍ទី៥ដល់ទី៦ក្នុងសម័យកាលរជ្ជកាលខាងត្បូងនិងខាងជើងនៃប្រទេសចិន ព្រះសង្ឃរាជ៣អង្គមានព្រះនាមសង្ឃវរ្ម័ន មណ្ឌលនិងសុភូតិបាននិមន្តទៅផ្សព្វផ្សាយព្រះធម៌នៅប្រទេសចិនជាបន្តបន្ទាប់។លោកជីវតាក្វាន់ប្រេសិតនៃសម័យរជ្ជកាលយាន់ប្រទេសចិនបានទៅដល់ប្រទេសកម្ពុជា និងបាននិពន្ធសៀវភៅមានចំណងជើងថា”ប្រពៃណីនិងទំនាមទម្លាប់អ្នកស្រុកចេនឡា”ដែលបានកត់ត្រាអំពីប្រពៃណីនិងទំនាមទម្លាប់របស់ប្រជាជនខ្មែរនិងការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រជាជននៃប្រទេសទាំំងពីរចិននិងកម្ពុជា។លោកហ្សឹងហឺ (Zheng He) នាវិកក្នុងសម័យរជ្ជកាលមីងប្រទេសចិនបានស្នាក់នៅប្រទេសកម្ពុជាជាច្រើនលើកនៅពេលធ្វើនាវាចរណ៍លោកបាននិយាយថា ‹‹នៅទីនេះមានអាកាសធាតុក្តៅជាប់ស្រែចំការទទួលបានផលច្រើនស្ញោរទឹកសមុទ្រធ្វើជាអំបិលប្រពៃណីទំនៀមទម្លាប់សំបូរបែប។›› វិហារសាមប៉កុងដែលស្ថិតនៅជាយក្រុងកំពង់ចាមមានគេទៅអុជធូបជាប់មិនដាច់ដែលបានពិពណ៌នាអំពីចំណងនិស្ស័យកាត់មិនដាច់រវាងប្រជាជននៃប្រទេសទាំងពីរ។

កម្ពុជាមានសុភាសិតមួយឃ្លានិយាយថា ទំនុកចិត្តប្រៀបដូចជាដើមឈើ។

មិត្តភាពប្រពៃណីរវាងប្រទេសចិននិងប្រទេសកម្ពុជាបានឆ្លងកាត់ពេលវេលាដ៏យូរអង្វែងនិងការសាកល្បងនៃការប្រែប្រួលលើផ្ទៃអន្តរជាតិដែលបានចាក់ឬសយ៉ាងជ្រៅនិងមានមែកធាងយ៉ាងត្រសុំត្រសាយដែលនេះគឺបានមកពីការពូនជ្រុំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ។នៅឆ្នាំ១៩៥៨ប្រទេសចិននិងកម្ពុជាបានបង្កើតទំនាក់ទំនងផ្លូវទូតជាផ្លូវការ ទំនាក់ទំនងរវាងប្រទេសទាំង២បានចាប់បើកនូវទំព័រប្រវត្តិសាស្ត្រថ្មី។៥៨ឆ្នាំកន្លងមក ថ្នាក់ដឹកនាំនៃជំនាន់មុនៗរបស់ប្រទេសទាំង២បានប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធបង្កើតជាចំណងមិត្តភាពដ៏ជ្រាលជ្រៅ។ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុអតីតព្រះមហាវីរក្សត្រកម្ពុជាទ្រង់ធ្លាប់មានព្រះរាជបន្ទូលដែលពោរពេញទៅដោយមនោសញ្ចេតនាថា មិត្តភាពដ៏រឹងមាំនិងយូរអង្វែងរវាងកម្ពុជានិងចិន ហាក់ដូចជាបុបា្ផស្រស់មួយទងដែលមិនចេះរុះរោយ និងរីកស្គុះស្គាយជាអមតៈក្រោមផ្ទៃមេឃដ៏ភ្លឺស្រឡះ។នេះគឺជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដអំពីចំណងមេត្រីភាពរវាងចិននិងកម្ពុជា។

ឈានចូលក្នុងសម័យកាលថ្មី មិត្តភាពរវាងចិននិងកម្ពុជារឹតតែមានភាពរឹងមាំ ព្រមនិងទទួលបន្តនិងផ្សាយទូលាយជាបន្តបន្ទាប់។ ប្រទេសទាំង២មានការជឿទុកចិត្តគ្នាកម្រិតខ្ពស់លើផ្នែកនយោបាយ បានផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះលើវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការដែលស្វែងរកភាពប្រាកដប្រជាលើគ្រប់វិស័យទទួលបានផ្លែផ្កាដ៏ស្តុកស្តម្ភ  ហើយបានរក្សាការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើផ្នែកកិច្ចការអន្តរជាតិនិងតំបន់ អាចនិយាយបានថាគឺជាគំរូនៃប្រទេសជាសមភាគីនិងធ្វើកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់។

ឆ្នាំ២០១០ ប្រទេសទាំង២បានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងទ្វេភាគីបានឈានចូលសម័យកាលថ្មី។

ប្រទេសចិននិងកម្ពុជាមានភាពស៊ីសង្វាក់គ្នាកម្រិតខ្ពស់លើទស្សនៈអភិវឌ្ឍប្រទេសជាតិ បានឯកភាពគ្នាលើការពន្លឿនការតភ្ជាប់គ្នារវាងសេចក្តីផ្តួចផ្តើមអំពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយនិងយុទ្ធសាស្ត្រចតុកោណ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីនិងការបណ្តាក់ទុនទៅវិញទៅមកបានរក្សានិន្នាការកើនឡើងយ៉ាងខ្លាំង ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី១និងប្រទេសជាប្រភពបណ្តាក់ទុនធំទី១របស់ប្រទេសកម្ពុជាក្នុងរយៈពេល៣ឆ្នាំជាប់ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៥បានលើសពី៤៤០០លានដុល្លារអាមេរិក។

ប្រទេសចិននិងប្រទេសកម្ពុជាជាមិត្តភ័ក្តិល្អដ៏ស្មោះត្រង់។ នៅលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាស្នូលរបស់គូភាគីនិងបញ្ហាដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង  ប្រទេសទាំង២បានរួមសុខរួមទុក្ខនិងជួយយកអាសាគ្នា។ នៅក្នុងការតស៊ូប្រយុទ្ធដើម្បីដណ្តើមឯករាជ្យជាតិនិងការរំដោះជនជាតិ ក៏ដូចជាការគាំពារសុខសន្តិភាពរបស់ប្រទេសកម្ពុជា ប្រទេសចិនបានផ្តល់ការគាំទ្រយ៉ាងមុតមាំនិងជួយជ្រោមជ្រែងដល់កម្ពុជា។ នៅទសវត្សរ៍ឆ្នាំ៩០នៃសតវត្សរ៍មុន ប្រទេសចិនបានចាត់បញ្ជូនកងទ័ពវិស្វកម្មចំនួនជាង៨០០នាក់ឲ្យទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅកម្ពុជា។

ក្នុងអំឡុងពេល១៨ខែពួកគេបានបញ្ចប់ភារកិច្ចកសាងនិងស្តារឡើងវិញនូវព្រលានយន្តហោះចំនួន៣ ក្នុងនោះមានព្រលានយន្តហោះអន្តរជាតិភ្នំពេញជាដើម ព្រមនិងផ្លូវជាតិ៤ខ្សែមានប្រវែងសរុបជាង៦៤០គីឡូម៉ែត្រ និងបានកសាងនិងស្តារឡើងវិញនូវស្ពានជាង៤០ខ្សែ។

ពួកគេបានបណ្តុះបំប៉នចំណងមិត្តភាពរវាងចិននិងកម្ពុជាដោយឈាមស្រស់និងញើស។យើងខ្ញុំមិនអាចបំភ្លេចបានទេ ក្នុងគ្រាដែលប្រទេសចិនថ្មីទើបបង្កើតឡើងបានរងនូវការបំបិទនិងការចាត់ទុកជាសត្រូវពីប្រទេសជាច្រើន ប្រទេសកម្ពុជាបាននាំមុខក្នុងការបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន។

ក្នុងការតស៊ូប្រយុទ្ធរបស់ប្រទេសចិនដើម្បីរៀបចំឡើងវិញនូវអាសនៈស្របច្បាប់នៅអង្គការសហប្រជាជាតិ ប្រទេសកម្ពុជាបានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិន។ ក្នុងពេលដែលប្រទេសចិនគាំពារយ៉ាងដាច់ខាតចំពោះអធិបតេយ្យភាពទឹកដីជាតិនិងសិទ្ធិនិងផលប្រយោជន៍នៃសមុទ្រ ព្រមនិងការខិតខំដោះស្រាយជម្លោះតាមការចរចាដោយសន្តិភាព ប្រទេសកម្ពុជាបានប្រកាន់ភាពយុត្តិធម៌និងបានបញ្ចេញមតិរបស់ខ្លួនដោយសច្ចធម៌ ។ នៅពេលខេត្ត SiChuan QingHai និង GanSu ជាដើមរបស់ប្រទេសចិនកើតមានគ្រោះមហន្តរាយធម្មជាតិយ៉ាងធ្ងន់ធ្ងរ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំនិងគ្រប់មជ្ឈដ្ឋាននានារបស់ប្រទេសកម្ពុជាបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសចិន។ ជនជាតិចិនតែងតែនិយាយថា ក្នុងគ្រាជួបនឹងការលំបាកអាចមើលឃើញពីមនោសញ្ចេតនាពិតប្រាកដ។ ចំណែកសុភាសិតខ្មែរបាននិយាយថា មានតែក្នុងគ្រាលំបាកទេទើបអាចបែងចែកថាអ្នកណាជាមិត្តភ័ក្តិពិត អ្នកណាជាមិត្តភ័ក្តិក្លែងក្លាយ។

ប្រជាជនចិននិងកម្ពុជាឲ្យតម្លៃលើមនោសញ្ចេតនានិងគោរពតាមពាក្យសន្យា គោរពរាប់អានគ្នាដោយស្មោះត្រង់ ចំណងមេត្រីភាពរវាងចិននិងកម្ពុជាបានដក់ជាប់ក្នុងក្រអៅដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។

ប្រទេសចិននិងកម្ពុជាគឺជាអ្នកជិតខាងដ៏ល្អដែលមានមនោសញ្ចេតនាដូចជាបងប្អូន។ក្នុងដំណើរជំរុញកិច្ចកសាងប្រទេសជាតិនិងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជនប្រទេសទាំងពីរបានជួយយកអាសាគ្នាទៅវិញទៅមក។ប្រទេសចិនបានជួយកម្ពុជាសាងសង់ផ្លូវជាតិខ្សែទី១ដែលអាចបើកបររថយន្ត៤គ្រឿងក្នុងពេលតែមួយ,បានកសាងរោងចក្រស៊ីម៉ង់ត៍ទី១,ស្ថានីយអគ្គិសនីដើរដោយថាមពលភ្លើងទី១និងស្ថានីយវារីអគ្គិសនីដែលមានទ្រង់ទ្រាយធំបំផុតរបស់កម្ពុជា។តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលរីកចម្រើនយ៉ាងផុសផុលគឺជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា។គិតរហូតដល់ខែមិថុនាឆ្នាំ២០១៦សហគ្រាសដែលបានទៅបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួមទាំងអស់មានចំនួនដល់ទៅ១០០សហគ្រាសបើគិតជាទំហំនៃការវិនិយោគស្មើនឹង២៨០លានដុល្លារអាមេរិកបានដោះស្រាយបញ្ហាការងាររបស់ប្រជាជនកម្ពុជាលើសពី១ម៉ឺន៣ពាន់នាក់។ប្រទេសទាំងពីរបានពង្រីកឧត្តមភាពបំពេញបន្ថែមគ្នាខាងផ្នែកសេដ្ឋកិច្ចខំប្រឹងប្រែងស្វែងរកសក្តានុពលកិច្ចសហប្រតិបត្តិការខាងវិស័យកិច្ចកសាងហេដ្ឋារចនាស្ព័ន្ធកសិកម្មធារាសាស្ត្រប្រភពធនធាន ថាមពល ព័ត៌មាននិងទូរគមនាគមន៍ជាដើមគឺមានទ្រង់ទ្រាយកាន់តែធំឡើងឥតឈប់ឈរនិងមានកម្រិតកាន់តែខ្ពស់ទៅៗហើយគំរោងសហប្រតិបត្តិការពាក់ព័ន្ធមួយចំនួនទទួលបានសមិទ្ធផលជាជំហានដំបូង។

ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរចិននិងកម្ពុជាមានភាពកាន់តែជិតស្និទ្ធជារៀងរាល់ថ្ងៃបានបន្ថែមកម្លាំងរស់រវើកសម្រាប់ទំនាក់ទំនាក់ទ្វេភាគីឥតឈប់ឈរ។អ្នកជំនាញខាងបុរាណវត្ថុនៃប្រទេសចិនបានរស់នៅប្រទេសកម្ពុជាជាយូរឆ្នាំដើម្បីការពារនិងជួសជុលប្រាសាទបុរាណអង្គរដូចជាប្រាសាទចៅសាយទេវតានិងប្រាសាទតាកែវជាដើម។អ្នកជំនាញខាងវេជ្ជសាស្ត្រប្រទេសចិនបានទៅកម្ពុជាដើម្បីជួយព្យាបាលរោគឲ្យប្រជាជនដោយឥតគិតថ្លៃបានធ្វើការវះកាត់ខាងជំងឺភ្នែកឡើងបាយជូនប្រជាជនកម្ពុជាជាងមួយពាន់នាក់។អ្នកជំនាញខាងបច្ចេកទេសកសិកម្មប្រទេសចិនបានធ្វើដំណើរទៅកាន់ទីជនបទនៃប្រទេសកម្ពុជាពួកគេជួយបង្រៀនបច្ចេកទេសកសិកម្មនៅពេលថ្ងៃនិងជួយបង្រៀនភាសាចិននៅពេលយប់ទទួលបានការស្វាគមន៍និងនិយមចូលចិត្តពីប្រជាជនកម្ពុជា។វិទ្យាស្ថានខុងជឺដែលបានបង្កើតឡើងនៅឆ្នាំ២០០៩នៅប្រទេសកម្ពុជាបានវិវឌ្ឍន៍ពីទីតាំងបង្រៀនតែមួយកន្លែងទៅដល់១៤កន្លែងសិស្សនិស្សិតដែលកំពុងរៀនមានចំនួនលើសពី១ម៉ឺននាក់។គិតរហូតដល់ឆ្នាំ២០១៥រដ្ឋាភិបាលចិនបានផ្តល់អាហារូបករណ៍ដល់សិស្សនិស្ិតកម្ពុជាឲ្យមកបន្តវិជ្ជានៅប្រទេសចិនមានចំនួនលើសពី១០០០នាក់។

បច្ចុប្បន្ននេះប្រទេសចិននិងកម្ពុជាសុទ្ធតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍជាគន្លឹះបានប្រឈមនឹងភារកិច្ចដូចគ្នាដូចជាធ្វើឲ្យកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយពង្រីកការបើកចំហចំពោះក្រៅប្រទេសនិងកែលំអរចនាសម្ព័ន្ធឧស្សាហកម្មចិននិងកម្ពុជាសុទ្ធតែជាអ្នកជំរុញនិងអ្នកកសាងនៃសមាហរណកម្មសេដ្ឋកិច្ចតំបន់និងកិច្ចសហប្រតិបត្តិការតំបន់។ឈរលើចំណុចចាប់ផ្តើមថ្មីនៃទំនាក់ទំនងរវាងចិននិងកម្ពុជាប្រទេសចិននឹងរួមជាមួយប្រទេសកម្ពុជាធ្វើការខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យសម្រេចបានការអភិវឌ្ឍដោយគ្រប់ស្រទាប់ច្រើនវិស័យនិងស៊ីជម្រៅដើម្បីផ្តល់សុខសុភមង្គលកាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ។

ប្រកាន់ខ្ជាប់ជានិច្ចនូវការកសាងទំនុកចិត្តលើគ្នាផ្នែកនយោបាយឲ្យកាន់តែស៊ីជម្រៅ។ភាគីចិនរីករាយក្នុងការរក្សានិន្នាការបំពេញទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមកជាមួយភាគីកម្ពុជាបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រសង្ឃឹមថារដ្ឋាភិបាលគណៈបក្សស្ថាប័ននីតិបញ្ញាតិខេត្តនិងទីក្រុងនៃប្រទេសទាំងពីរអាចបង្កើនការប្រាស្រ័យទាក់ទងគ្នា។ប្រទេសចិននឹងបន្តគាំទ្រប្រទេសកម្ពុជាក្នុងការដើរតាមផ្លូវអភិវឌ្ឍដែលសមស្របនឹងស្ថានភាពប្រទេសខ្លួនដូចពេលមុនៗទៀតគាំទ្រយ៉ាងម៉ឺងម៉ាត់មិនងាករេដល់កម្ពុជាក្នុងការគាំពារអធិបតេយ្យភាពជាតិរក្សាស្ថិរភាពក្នុងប្រទេសនិងពនឿនការអភិវឌ្ឍសេដ្ឋកិច្ច។

.ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកឲ្យកាន់តែស៊ីជម្រៅ។ភាគីចិនរីករាយក្នុងការបង្កើនការតភ្ជាប់ខាងយុទ្ធសាស្ត្រអភិវឌ្ឍជាមួយភាគីកម្ពុជាដើម្បីបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពទៅតាមសភាពជាក់ស្តែងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មធារាសាស្ត្រហេដ្ឋារចនាសម្ព័ន្ធព័ត៌មាននិងទូរគមនាគមន៍ជាដើមឲ្យទទួលបានសមិទ្ធផលជាក់ស្តែង។ភាគីចិនរីករាយក្នុងការចាត់វិធានការដើម្បីពង្រីកការនាំចូលពីប្រទេសកម្ពុជាក្នុងន័យពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។

.បង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងម៉ឺងម៉ាត់មិនងាករេ។ប្រទេសចិនគាំទ្រប្រទេសកម្ពុជាឲ្យដើរតួនាទីដ៏សំខាន់ក្នុងកិច្ចការតំបន់ក្នុងឋានៈជាសមាជិកសំខាន់នៃសមាគមអាស៊ានរីករាយរួមជាមួយភាគីកម្ពុជាបង្កើនការសម្របសម្រួលនិងការសហការគ្នាលើឆាកតំបន់និងពហុភាគីដូចជាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកិច្ចសហប្រតិបត្តិការទន្លេឡានឆាំងទន្លេមេគង្គនិងអង្គការសហប្រជាជាតិជាដើមគាំពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរនិងប្រទេសកំពុងអភិវឌ្ឍន៍ខ្នះខ្នែងក្នុងការបង្កើតសហគមន៍រួមវាសនាតែមួយរបស់អាស៊ី។កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ជាគន្លឹះយើងគួរតែបន្តផ្តោតសំខាន់ទៅលើប្រធានបទស្តីពីការអភិវឌ្ឍហើយជំរុញកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឲ្យរីកចម្រើនទៅមុខដោយបរិសុទ្ធនិងនឹងនរ។

.ជំរុញការផ្សារភ្ជាប់ដួងចិត្តប្រជាជនជាសន្សឹមៗ។ភាគីចិនរីករាយរួមសហការជាមួយភាគីកម្ពុជាប្រើប្រាស់វេទិកាដូចជាវិទ្យាស្ថានខុងជឺនិងផ្ទះវប្បធម៌ចិនជាដើមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យអប់រំវប្បធម៌ទេសចរណ៍និងសុខាភិបាលជាដើមបង្កើនការស្វែងយល់គ្នានិងមនោសញ្ចេតនាមេត្រីភាពរបស់ប្រជាជននៃប្រទេសទាំងពីរជាពិសេសគឺយុវជនប្រទេសទាំងពីរធ្វើឲ្យចំណងមេត្រីភាពរវាងចិននិងកម្ពុជាបន្តទៅគ្រប់ជំនាន់។

ខ្ញុំជឿជាក់យ៉ាងមុតមាំថានៅក្រោមការខិតខំប្រឹងប្រែងរួមរបស់យើងចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាប្រាកដជាអាចទទួលបានផ្លែផ្កាថ្មីយើងនឹងធ្វើជាអ្នកជិតខាងល្អនិងមិត្តភ័កិ្តពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នាជារៀងរហូត៕

 

loading…

 

121 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS