លោក វ៉ា គឹមហុង ធ្វើ​មិនដឹងមិនឮ​រឿង​យួន​បោះបង្គោល

var1

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហើយ​បណ្ដោយ​ឲ្យ​ភាគី​យួន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​។ ជាក់ស្តែង​ថ្មីៗ​នេះ​សកម្មជន​ព្រំដែន​បាន​រកឃើញថា ភាគី​យួន​បាន​បោះបង្គោល​ថ្ម​មួយ​នៅក្នុង​វត្ត​ស្រែ​ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ហើយ​មិនទាន់​ឃើញ​លោក វ៉ា គឹមហុង មានប្រតិកម្ម​អ្វី​ទាំងអស់​។ ជាមួយគ្នានេះ​សកម្មជន​ព្រំដែន​បាន​រកឃើញថា ភាគី​យួន​បានដាក់​ទាហាន​មួយចំនួន​នៅ​វត្ត​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ យ៉ាង​គឃ្លើន​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន ក្បែរ​វត្ត​ស្រែ​ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ បាន​ឲ្យ​ដឹងថា ភាគី​យួន​ពិតជា​បាន​បោះបង្គោល​ថ្ម​មួយ​ក្នុង​វត្ត​ស្រែ​ស្ពៃ​ពិតមែន ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​មន្ត្រី​អាជ្ញាធរ​ស្រុក ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ចំណែក​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ភាគី​យួន​ដាក់​ទាហាន​មួយចំនួន​នៅក្នុង​វត្ត​នេះ​អស់​រយៈពេល​ជា​យូរ​មកហើយ មិនដែល​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខ្មែរ​មានប្រតិកម្ម​ឬ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ដូច្នេះ​ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក វ៉ា គឹមហុង ដែលជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន គួរពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ភាគី​យួន​រំលោភបំពាន​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុ​ជាស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

var2

គួរ​រំលឹក​ដែរ​ថា​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ភាគី​យួន​បាន​បំពាន​ឈូសឆាយ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​ចន្លោះ​បង្គោល​លេខ​១៩៤​ដល់​១៩៨ ក្នុងភូមិ​គក់​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ប្រជាកសិករ​ខ្មែរ​ប្រមាណ​៤០០​ទៅ​៥០០​ហិកតា ហើយ​មិនឃើញ​អាជ្ញាធរខេត្ត​ស្វាយរៀង មានប្រតិកម្ម​អ្វី​ទាំងអស់​។ កន្លែង​ដែល​យួន​បំពាន​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ គឺ​នៅ​តំបន់​ចំពុះទា​ក្បែរ​បង្គោល​លេខ​១៩៦ ប៉ុន្តែ​មិនឃើញ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​មានការ​រិះគន់​ចំៗ​ថា លោក វ៉ា គឹមហុង ដែលជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន មិនដែល​ខ្វល់​ពី​រឿង​ភាគី​យួន​បំពាន​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ខ្មែរ​ឡើយ​៕

ដោយ មនសិការខ្មែរ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.