កច្ចាយនសូត្រទី ២

សន្ធិកណ្ឌ សូត្រទី ២

២ : ២ អក្ខរាបាទយោ ឯកចត្តាឡីសំ.

ប្រែរៀងសេចក្តី

អក្សរមាន អ ជាដើម ៤១ តួ ឈ្មោះថា អក្សរ ។

ប្រែលោតប្រយោគ

អាទយោ វណ្ណា រីអក្សរ ទ. មាន អ ជាដើម ឯកចត្តាឡីសំ ៤១ តួ ហោន្តិ រមែងជា អក្ខរា អបិ ឈ្មោះថា ជាអក្ខរៈ ក៏បាន ។

សម្ពន្ធមាលា

អាទយោ ក្ដី ឯកចត្តាឡីសំ ក្ដី វិសេសន នៃ វណ្ណា ៗ សយកត្តា ក្នុងហោន្តិ ៗ អាខ្យាតបទ កត្តុវាចក អបិ-សព្ទ អបេក្ខត្ថ ចូលនឹង អក្ខរា ៗ វិកតិកត្តា ក្នុងហោន្តិ ។

ក្នុងសូត្រនេះ មាន ៣ បទ គឺ អក្ខរាបិ + អាទយោ + ឯកចត្តាឡីសំ
អក្ខរាបិ ប្រែថា  អក្ខរៈក៏បាន

អាទយោ ប្រែថា មាន អ អក្សរជាខាងដើម គឺ អក្សរ ៤១ មាន អ ជាតួខាងដើម
អាទយោ កាត់បទចេញជា ២ បទ គឺ អ + អាទយោ តាមរូបមន្ត សន្ធិ ថា ស្រៈខាងដើមជារស្សៈ គឺ ស្រៈ អ ស្រៈខាងចុងជាទីឃៈ គឺ ស្រៈ អា លុបស្រៈខាងដើម គឺស្រៈ អ បានខ្លះ ទើបសម្រេចរូប ជា អាទយោ សន្ធិនេះ លុបស្រៈខាងដើម គឺ ស្រៈ អ លោកឲ្យឈ្មោះថា បុព្វសរលោបសន្ធិ
វិគ្រោះ ថា អ អាទិ យេសំ អត្ថីតិ អាទយោ (អក្ខរា)  ឲ្យឈ្មោះសមាសថា ឆដ្ឋីតុល្យាធិករណពហុព្វីហិសមាស

ឯកចត្តាឡីសំ ប្រែថា ៤១ បានដល់ អក្ខរៈ ៤១ តួ មាន អ នៅខាងដើម មាន ំ នៅទីបំផុត

អត្ថន័យនៃសូត្រ

ក្នុងសូត្រទី ២ នេះ ព្រះមហាកច្ចាយនត្ថេរ ចង់ប្រាប់ថា អក្សរ ក្នុងភាសាបាលីក្ដីក្នុងព្រះត្រៃបីដក មានចំនួន ៨៤០០០ ព្រះធម្មក្ខន្ធក្ដី សរុបឲ្យខ្លី មានត្រឹមតែ អក្សរ ៤១ តួ ប៉ុណ្ណោះ មិនលើស មិនខ្វះ មាន អ នៅខាងដើម មាន ំ នៅទីបំផុត គឺ
អអា ឥឦ ឧឩ ឯឱ
ក ខ គ ឃ ង
ច ឆ ជ ឈ ញ
ដ ឋ ឌ ឍ ណ
ត ថ ទ ធ ន
ប ផ ព ភ ម
យ រ ល វ ស ហ ឡ ំ

ដូច្នោះ ក្នុងវណ្ណកម្មភាសាបាលី ទាំងព្រះត្រៃបិដក អដ្ឋកថា ដីកា អនុដីកា យោជនា ឬ គម្ពីរ សទ្ទវិសេសុបករណ៍ផ្សេងៗ រួមឲ្យខ្លី ក៏មានតែ អក្ខរៈ ៤១ តួនេះឯង ។

ម្យ៉ាងវិញទៀត តាំងតែព្រះសម្មាសម្ពុទ្ធ ត្រាស់ដឹងរហូតដល់បរិនិព្វាន ដែលព្រះអង្គសម្ដែងធម៌ប្រោសសត្វ ក្នុងកាលទាំង៣ គឺ បឋមពោធិកាល មជ្ឈិមពោធិកាល បច្ឆិមពោធិកាល អស់រយៈពេល ៤៥ ព្រះវស្សា ព្រះឱវាទានុសាសនីទាំងអស់ ក៏ប្រជុំចុះក្នុងអក្ខរៈ ៤១ តួ នេះ ប៉ុណ្ណោះ ។

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.