សម្លាប់​លោក​ កែម​ ឡី​ ​​ធ្វើ​ឃាត​ប្រជាប្រិយរដ្ឋ​អំណាច​​

kemley11

លោក កែម ឡី ត្រូវបានធ្វើឃាតបន្ទាប់ពីលោកបានអះអាងថា របាយការណ៍របស់ Global  Witness «Hostile Takeover» ដែលនិយាយពីការក្តោបក្តាប់សេដ្ឋកិច្ចរបស់គ្រួសារត្រកូល ហ៊ុន ថាមានការពិតចំនួនដល់ទៅ ៩៥%និងសកម្មភាពចុះសិក្សាដល់មូលដ្ឋានជាច្រើនរបស់លោក ពិសេសគឺទាក់ទងនឹងជនអន្តោប្រវេសន៍វៀតណាមនិងគម្រោងសិក្សាបម្រុងនឹងធ្វើតាមកោះនានានៅក្បែរប្រទេសវៀតណាម ។ ខ្ញុំធ្លាប់អះអាងថាមូលហេតុដែលគេមិនចង់ធ្វើឃាតរូបលោក ព្រោះលោកមានការគាំទ្រខ្លាំងមិនមែនត្រឹមតែពីសាធារណជននោះទេគឺសូម្បីតែនៅក្នុងគណបក្សកាន់អំណាចក៏មានអ្នកគាំទ្រលោកមិនតិចដែរ ។

kemley03

ជាក់ស្តែងណាស់ ការយល់ឃើញរបស់ខ្ញុំខុសហើយ ការគាំទ្រទាំងនេះមិនអាចធ្វើជាខែលការពារលោកបានទេ នៅពេលអ្នកបញ្ជាមិនខ្វល់ពីផលវិបាកកើតក្រោយពីឃាតកម្ម។ ទោះបីយ៉ាងណា គេអាចប្រាកដបានថាឃាតកម្មនេះនឹងទទួលបានលទ្ធផលផ្ទុយពីបំណងដែលអ្នកបញ្ជាឃាតកចង់បាន៖ សាធារណជននឹងមិនត្រឹមតែមិនបាក់ស្បាតទេ បែរជាផ្ទុះកំហឹងទៅវិញ, រាល់ទស្សនៈរបស់លោកនឹងត្រូវពលរដ្ឋកាន់តែជឿទៅវិញ រួមមានការអធិប្បាយចុងក្រោយរបស់លោកអំពីរបាយការណ៍របស់Global  Witness ព្រោះមកពីនិយាយត្រូវទើបត្រូវគេបាញ់សម្លាប់, លោកនឹងក្លាយជាបុគ្គលនិមិត្តរូប(Martyr)ដូច មូហាមេដ បួហ្ស៊ីហ្ស៊ី (Mohamed Bouazizi) ដែលដុតខ្លួននៅទុយនេស៊ី ហើយនឹងអាចផុសជាចលនាប្រឆាំងនៅទូទាំងប្រទេស បើពលរដ្ឋដែលទទួលបានព័ត៌មាននេះហើយ សម្រេចចិត្តថាមិនអាចរង់ចាំយុត្តិធម៌បន្តទៀត បង្កើតជាចលនាប្រមូលកម្លាំងធ្វើបាតុកម្ម ។

kemley13

សាធារណមតិយល់ថាអស់ពី កែម ឡី មួយទៅ នៅមាន កែម ឡី ច្រើនទៀត ពួកគេក៏និយាយដូចគ្នាដែរ កាលពីព្រឹត្តិការណ៍បាញ់សម្លាប់លោក ជា វិជ្ជា ថា អស់ពី ជា វិជ្ជា មួយ នៅពេលមាន ជា វិជ្ជា រាប់ពាន់ទៀត ក្រោយមកសហជីពឯករាជ្យក៏អះអាងថាមិនទាន់រកបានមេដឹកនាំសហជីព ដូចជាលោក ជា វិជ្ជា នៅឡើយទេ មានន័យថាការអះអាងថានឹងមាន កែម ឡី ច្រើនទៀតគ្រាន់តែជាការលួងចិត្តខ្លួនឯងប៉ុណ្ណោះ។ សំណើចង់ឱ្យសាងសង់រូបសំណាកលោក កែម ឡី ឬមិនចង់ឱ្យបូជាសពលោកគឺជាវិធីលួងចិត្តនិងបង្កើតនិមិត្តរូបមួយ ហើយអ្វីដែលគេគួរបារម្ភគឺថាក្រោយបានរូបសំណាកហើយ គេចងចាំតែរូបសំណាក រួចយូរៗទៅក៏សាបរលាប បំភ្លេចបុគ្គលចោល ដូចជាករណី ជា វិជ្ជា គ្មានការវែកមុខឃាតកឬវែកមុខអ្នកនៅក្រោយឃាតក។ បើលោក កែម ឡី នៅរស់ប្រហែលលោកចង់ឱ្យប្រជាជនចងចាំគំនិតលោកច្រើនជាងចងចាំរូបលោក ចង់ឱ្យមានមនុស្សកាន់តែច្រើនបន្តកិច្ចការរបស់លោក ដូចរូបលោក ជាជាងចាំតែឈ្មោះតែមិនចាំគំនិត ។

kemley06
គេងាយមើលធ្លុះណាស់ថាឃាតកម្មលោក កែម ឡី ត្រូវបានគ្រោងទុកច្បាស់លាស់

១. ដឹងពីសកម្មភាពប្រចាំថ្ងៃរបស់លោក(ហាងកាហ្វេដែលលោកនិយមចូល),

២. ធ្លាប់មានការតាមដានជាមុន មុនត្រូវគេសម្លាប់(តាមលោក មាស នី នៅក្នុងវេទិកាអាស៊ីសេរី ការតាមដានយ៉ាងហោចណាស់ មានតាំងពីព្រឹត្តិការណ៍វាយតំណាងបក្សប្រឆាំង),

៣. ឃាតកមានអ្នកបញ្ជា ព្រោះគ្មានបច្ច័យឬហេតុផលសម្លាប់ (No Motive),

៤. ឃាតកមានជំនាញបាញ់រកកន្លែងស្លាប់ បាញ់ពីក្រោយខ្នងត្រង់ដើមដៃធ្លាយដល់ក្រោមដោះនិងត្រង់ក្បាលក្បែរសៀតផ្កា គ្មានសន្ទនាមុនបាញ់ បង្ហាញពីភាពមិនស្គាល់គ្នា (Lack of Intimacy) បង្ការការដឹងខ្លួនជាមុនពីជនរងគ្រោះ បាញ់ធានាថាត្រូវតែស្លាប់នៅនឹងកន្លែង(យ៉ាងហោចណាស់ ធ្លាប់បានហ្វឹកហាត់បាញ់ បើមិនទាន់បានដឹងថាធ្លាប់សម្លាប់ពីមុនឬអត់),

kemley04

៥. គ្មានការភ័យតក់ស្លុត ដើរចេញយ៉ាងរំភើយក្រោយបាញ់សម្លាប់ ត្បិតត្រៀមផ្លូវរត់ តាមរយៈអ្នកឌុបមក តែអ្នកឌុបហាក់គ្មានបទពិសោធ ទំនងជាមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានព្រោះមើលឃើញដំណើរការប្រព្រឹត្តទៅនៃឃាតកម្មជាក់ស្តែង ទើបស្លន់ស្លោរត់គេចមុនបាត់(មិនដឹងថាតើការរត់ចោលនេះមានចេតនាទុកឱ្យឃាតកត្រូវបានគេចាប់ ដើម្បីងាយបិទបញ្ចប់សាច់រឿងដោយស្រួលឬយ៉ាងណា ស្របពេលករណីឃាតកម្មមុនៗមិនដែលចាប់ឃាតកបានងាយស្រួលបែបនេះ?)។

ទោះបីយ៉ាងណា ផែនការឃាតកម្មនេះមិនសូវបង្ហាញពីភាពឈ្លាសវៃរបស់អ្នកដាក់ផែនការនោះទេ ព្រោះជ្រើសរើសទីតាំងធ្វើឃាតដែលមានកាមេរ៉ាសុវត្ថិភាព នៅកន្លែង(ម៉ាត)និងនៅម៉ោង (ប្រមាណ៩ព្រឹក) មានមនុស្សចេញចូលច្រើនហើយនៅថ្ងៃឈប់សម្រាកទៀត(អាទិត្យ), ឃាតកពុំបានត្រៀមអត្តសញ្ញាណក្លែងក្លាយទុកករណីគេចាប់បាន ឈ្មោះរកនឹកស្រមៃដាក់ភ្លាមៗ «ជួប សម្លាប់» (ហាក់បង្ហាញពីបញ្ជាពីក្រោយថា ពេលជួប បាញ់សម្លាប់នៅហ្នឹងកន្លែង), ប្រតិដ្ឋបច្ច័យជំពាក់លុយនឹងមនុស្សមិនដែលស្គាល់គ្នា មិនសមហេតុផល,

kemley05

៦. ឃាតកទំនងជាមិនរំពឹងថាគេចាប់បានផង ព្រោះមានអ្នកចាំយកនិងប្រហែលមានខ្នងធំផង ឃាតកទើបតែឆ្លេឆ្លាក្រោយពេលមិនឃើញអ្នកឌុបមកប៉ុណ្ណោះ មិនឆ្លេឆ្លាអំឡុងពេលសម្លាប់និងឃើញមានសាក្សីច្រើនឡើយ។ អ្នកបញ្ជាឱ្យសម្លាប់លោកទំនងជាចាត់ទុកលោកជាមនុស្សដែលមិនអាចទុកបន្តទៀតបាន ព្រោះសូម្បីតែអ្នកនយោបាយប្រឆាំងនៅរយៈពេលចុងក្រោយនេះ ដូចជាលោក កឹម សុខា និង សម រង្ស៊ី ក៏ត្រឹមរងហានិភ័យជាប់ពន្ធនាគារប៉ុណ្ណោះ ទំនងជាអ្នកបញ្ជានោះគិតថាផលវិបាកចេញពីការសម្លាប់អ្នកវិភាគម្នាក់មិនធ្ងន់ធ្ងរដូចសម្លាប់មេដឹកនាំនយោបាយឡើយ ។

យ៉ាងណាក៏ដោយ គេមិនអាចអះអាងថាលោកស្លាប់ដោយសារនិយាយរិះគន់រដ្ឋាភិបាលឬមកពីចូលរួមនយោបាយនោះទេ ទោះបីជាវាអាចជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀតក៏ដោយ ព្រោះបើអ្នករិះគន់សុទ្ធតែទទួលលទ្ធផលស្លាប់ នោះចំនួនអ្នកស្លាប់នឹងកើនឡើងហួសប្រមាណ ត្បិតចំនួនអ្នកមិនពេញចិត្តរដ្ឋាភិបាលសព្វថ្ងៃមានមែនតិចឯណា មានន័យថាមុននឹងកំណត់មុខសញ្ញាត្រូវសម្លាប់ អ្នកបញ្ជាត្រូវតែមានចក្ខុវិស័យវែងឆ្ងាយ ពិចារណាអំពីផលចំណេញនិងខាតពីអវត្តមានរបស់ជនរងគ្រោះ អាចឆ្លើយនឹងសំណួរមួយនេះបានថាហេតុអ្វីចាំបាច់ត្រូវតែកម្ទេចចោលតែម្តងជាជាងត្រឹមតែដាក់គុកឬធ្វើឱ្យរត់ចោលស្រុកឬប្តឹងផ្តល់ឡើងតុលាការ? ករណីលោក កែម ឡី ត្រូវគ្នានឹងករណី ជា វិជ្ជា នៅឆ្នាំ២០០៤ និង ឈុត វុទ្ធី នៅឆ្នាំ២០១២ ពោលគឺទុកមិនចំណេញ ដកចេញក៏មិនខាត ផ្ទុយទៅវិញ ប្រតិកម្មខឹងសម្បារពីគ្រប់មជ្ឈដ្ឋានបង្ហាញថាមិនត្រឹមតែមិនចំណេញទេ ខាតខ្លាំងទៅៗហើយ ។

kemley_comic_01

ជំនួយការ លោក កែម ឡី នៅក្នុងវេទិកាអាស៊ីសេរី បានឱ្យដឹងថាលោកធ្លាប់ត្រូវបានឧកញ៉ាៗប្រាប់ឱ្យដឹងមុនថាគេនឹងមិនទុកឱ្យលោកនៅបានយូរឡើយ ស្របពេលកម្ពុជាមានប្រព័ន្ធដឹកនាំបែបឧកញ៉ានិយម ដែលគេអាចវែកញែកឃើញដោយស្រួលថាឃាតកម្មទៅលើរូបលោកមានជាប់ពាក់ព័ន្ធនឹងអ្នកធំ ។

ប្រៀបប្រដូចសមរភូមិនយោបាយរវាងគណបក្សកាន់អំណាចនិងបក្សប្រឆាំងទៅនឹងការប្រដាល់ លោក កែម ឡី ចាត់ទុកខ្លួនឯងត្រឹមតែជាអ្នករូតវាំងននប៉ុណ្ណោះ នៅពេលដែលលោកអះអាងថា ម៉ាយ ថាយសាន់ (Mike Tyson) វាយមិនឈ្នះ ហូលីហ្វៀល (Evander Holyfield) ក៏ខាំស្លឹកត្រចៀក ហើយ ម៉ាយ ថាយសាន់[នៅស្រុកខ្មែរ]នេះ មកខាំដល់អ្នកហ៊ោទៅទៀត [ឥឡូវខាំដោយទាំងអ្នករូតវាំងនន],

បក្សកាន់អំណាចប្រកួតមិនឈ្នះបក្សប្រឆាំងក៏វាយនិងចាប់តំណាងរាស្ត្រគេដាក់គុកឬប្រកួតមិនឈ្នះគណបក្សហ៊្វុនស៊ិនប៉ិចក៏ធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៩៧។ លោក កែម ឡី មើលស្រាលតម្លៃតួនាទីរបស់អ្នករូតវាំងននពេកហើយ ព្រោះទស្សនិកជនបានទស្សនាការប្រដាល់ឬមើលឃើញការលេងខូចដោយខាំស្លឹកត្រចៀកឬអត់ ក៏ដោយសារតែអ្នកមានអ្នកបើកវាំងនននោះដែរ បើវាំងននបិទឬគ្មានអ្នករូត កុំថាដល់ខាំទៅស្លឹកត្រចៀក ចង់ធ្វើអ្វីក៏បានដែរ។

kemley_smile

សំណួរដដែលៗដែលគេតែងសួរគឺអំពីការស្វែងរកឃាតកនិងរកយុត្តិធម៌ ។ ពេលខ្លះគេត្រូវចេះសួរសំណួរស៊ីជម្រៅជាងនេះ គឺថាតើគេស្វែងរកឃាតកដើម្បីអ្វី បើទោះរកឃើញហើយ ក៏មិនអាចឈានទៅដល់វែកមុខអ្នកនៅពីក្រោយឃាតក, ទោះរកឃើញក៏ប្រព័ន្ធយុត្តិធម៌គេអស់ជំនឿ រាល់និតីវិធី (ភស្តុតាងនៅក្នុងកាមេរ៉ាអំពីសកម្មភាពឃាតកម្មអាចនឹងត្រូវគេបំផ្លាញផង បើពិតជាមានអ្នកធំនៅពីក្រោយមែន)

kemley12

ការផ្តន្ទាទោស ទោះលទ្ធផលដូចម្តេចក៏សាធារណមតិគិតថាអយុត្តិធម៌ដែរ(អ្នកធ្វើការឱ្យបក្សកាន់អំណាចទោះជាប់ទោសក៏ត្រូវបានសម្រាល), តើផ្តន្ទាទោសហើយជះឥទ្ធិពលដល់យុត្តិធម៌សង្គមទេ បើនៅតែមិនអាចរារាំងឃាតកម្មបែបនយោបាយដែលនៅតែបន្តកើតមានជាបន្តបន្ទាប់ទៅលើសកម្មជននយោបាយ ? តើធ្វើម្តេចអាចរកយុត្តិធម៌បាន បើករណីខ្លះអ្នកប្រព្រឹត្តអំពើអយុត្តិធម៌អាចមានមាឌធំជាងប្រព័ន្ធយុត្តិធម៌ទៅទៀត? បើករណីឃាតកម្មនយោបាយនៅកម្ពុជាពុំដែលទទួលបានយុត្តិធម៌ផងនោះ តើគេអាចសង្ឃឹមអ្វីទៅចំពោះករណីលោក កែម ឡី? គេមិនអាចរង់ចាំយុត្តិធម៌នៅក្នុងប្រទេសដែលមានយុត្តិធម៌សម្រាប់តែអ្នកមានអំណាចនិងអ្នកមានលុយឡើយ ដូច្នេះគេមិនអាចដើរតាមយន្តការស្ថាប័ន (ដូចជា តុលាការ ការស៊ើបអង្កេតរបស់សមត្ថកិច្ច) ក្នុងការស្វែងរកយុត្តិធម៌នោះទេ បើស្ថាប័នអាចជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើអយុត្តិធម៌ ហេតុនេះហើយទើបពលរដ្ឋនៅប្រទេសដែលគ្រប់ដណ្តប់ដោយប្រព័ន្ធនយោបាយអយុត្តិធម៌ តែងចុះផ្លូវធ្វើបាតុកម្ម។ គួរបញ្ជាក់ដែរថា គេមិនអាចសន្និដ្ឋានថាការមិនបញ្ចេញវិឌីអូក្នុងកាំមេរ៉ាសុវត្ថិភាពអំពីឃាតកម្មថារារាំងយុត្តិធម៌នោះទេ ព្រោះក្នុងនិតីវិធីស៊ើបអង្កេតនៅក្នុងសំណុំរឿងមិនទាន់បិទបញ្ចប់ បញ្ចេញភស្តុតាងជាសាធារណៈអាចប៉ះពាល់ដល់ដំណើរការស៊ើបក្តី ។

ឧ. បើជនសង្ឃ័យបានមើលឃើញវិឌីអូនោះ នឹងរត់គេចខ្លួនបានមុន។ល។ តែវានឹងរារាំងដល់យុត្តិធម៌ បើភស្តុតាងនោះត្រូវបានបាត់ដោយសារការធ្វេសប្រហែសណាមួយឬត្រូវបានបំផ្លាញនៅក្នុងបន្ទុករក្សាភស្តុតាងរបស់សមត្ថកិច្ច។

kemley09.jpg

លោក កែម ឡី ធ្លាប់បានអះអាងថារបបដឹកនាំសព្វថ្ងៃមុននឹងស្លាប់យ៉ាងហោចណាស់ត្រូវដកចង្កាមាន់សិន គេអាចនិយាយម្យ៉ាងទៀតថាមុននឹងស្លាប់ យ៉ាងហោចណាស់ សម្លាប់អ្នកនិយាយថាដកចង្កាមាន់សិនដែរ។ លោកនាយករដ្ឋមន្ត្រីធ្លាប់ព្រមានក្តែងៗថា នឹងមិនទុកអ្នករករឿងគ្រួសារលោកឱ្យរស់នៅបានសុខឡើយ បើគេនោះមិនឱ្យគ្រួសារលោកបានសុខ។ តើប្រជាពលរដ្ឋគិតថាខ្លួនឯងអាចរស់បានសុខទេ បើហ៊ានបោះឆ្នោតប្រឆាំងនឹងរូបលោក? ចម្លើយគឺថានៅក្នុងទ្រុងខ្លា ទោះចំនួនខ្លាតែមួយក្តាប់តូច ទោះចៀមមានចំនួនច្រើនលើសលុប មិនថាពួកគេក្រោកឈរប្រឆាំងឬក៏អត់ក៏លទ្ធផលជាចំណីខ្លាដូចតែគ្នាទេ តិចឬច្រើនត្រូវតែមានចៀមក្លាហានពលី យ៉ាងហោចណាស់ក៏មិនស្លាប់ទាំងមិនបានត្រដរដែរ។ ទោះយ៉ាងណា គេមិនអាចអះអាងថាគណបក្សកាន់អំណាចនៅពីក្រោយខ្នងឡើយ ព្រោះទោះពិតឬមិនពិតក៏ដោយ ក៏ពលរដ្ឋទួទៅសុទ្ធតែដឹងថាសំណាញ់ច្បាប់នៅកម្ពុជាចាប់បានតែត្រីតូចៗប៉ុណ្ណោះ បើមានត្រីធំហែលចូលរួចស៊ីត្រីតូចៗអស់ គេនឹងលែង រួចដោះសារថាត្រីធំពេកទម្លុះសំណាញ់រត់បាត់ហើយ។ អ្វីដែលគេអាចប្រាកដបានគឺថា ឃាតកម្មទៅលើលោក កែម ឡី គឺបរាជ័យរបស់រដ្ឋាភិបាលដែលមិនអាចរារាំងឧក្រិដ្ឋកម្មបាន មិនអាចការពារសេរីភាពបញ្ចេញមតិ ថែមទាំងបំផ្លាញសេរីភាពនេះដោយចាប់ដាក់គុកអ្នកទោសនយោបាយនិងអ្នកទោសមនសិការជាច្រើនទៀត, ជាលទ្ធផល ប្រជាប្រិយរបស់គណបក្សកាន់អំណាចនឹងបន្តកាន់តែធ្លាក់ចុះយ៉ាងគំហុក បើនិយាយតាមលោក កែម ឡី បោះឆ្នោតថ្ងៃស្អែក បក្សកាន់អំណាចនឹងធ្លាក់ឆ្នោតថ្ងៃស្អែក ហើយយើងក៏ចូលរួមស្តាយជំនួសលោក កែម ឡី ដែរ ដែលគេមិនអនុវត្តឱ្យរស់ដល់វេលាដែលរបបនេះត្រូវបានផ្លាស់ប្តូរ ។

kemley10

ជាអកុសល បើ ម៉ាយ ថាយសាន់ នៅស្រុកខ្មែរអាចខាំគូប្រជែងទាំងចំហលើខ្សែវៀននៅមុខទស្សនិកជនទាំងអស់គ្នាបាន រហូតដល់ខាំអ្នកហ៊ោនិងអ្នករូតវាំងននបានទៅទៀតនោះ តើអ្វីនឹងរារាំងមិនឱ្យគាត់ខាំអាជ្ញាកណ្តាលដើម្បីប្រកាសលទ្ធផលឈ្នះនោះ? ដូច្នេះសន្លឹកឆ្នោតនឹងមិនអាចធ្វើអ្វី ម៉ាយ ថាយសាន់ បាននោះឡើយ ទស្សនិកជននឹងបរាជ័យដោយសារឈរមើល ដើរផ្លូវកណ្តាលឬចាក់ខ្សែ មិនធ្វើអន្តរគមន៍ ទិញសំបុត្រចូលរួមតែទស្សនា(ជួយបំពេញភាពស្របច្បាប់ឱ្យការប្រដាល់) តែមិនចូលរួមប្រឆាំងនឹងត្រឹមប្រឆាំងបុគ្គល ម៉ាយ ថាយសាន់ ម្នាក់នោះទេ គឺត្រូវប្រឆាំងប្រព័ន្ធទាំងមូលតែម្តង ពិសេស គឺ បើពួកគេមិនអាចបង្កើតចលនាទ្រង់ទ្រាយធំ ប្រើតាក់ទិចឱ្យឈ្លាសវៃនិងតស៊ូជម្នះនឹងការបង្ក្រាបបាន។ គេមិនចាំបាច់ជា កែម ឡី នោះទេ ដើម្បីធ្វើអ្វីដែល កែម ឡី បានធ្វើនិងធ្វើបាន! ប្រជាពលរដ្ឋអាចធ្វើអ្វីលើសពី កែម ឡី ធ្វើបាន គឺផ្លាស់ប្តូរប្រព័ន្ធមួយនេះ ។

kemley_wipe_your_tears

លោក កែម ឡី ធ្លាប់អះអាងថា កម្ពុជាអភព្វណាស់មិនមានមេដឹកនាំគំរូ តែយ៉ាងហោចណាស់ យើងអាចប្រាប់ទៅវិញ្ញាណខន្ធលោកវិញថា កម្ពុជាមិនមានមេដឹកនាំគំរូមែន តែសំណាងនៅមានអ្នកវិភាគគំរូដែរ ទោះគំរូនេះមិននៅរស់រវើកដូចមុនទៀតក៏ដោយ ៕

ដោយ ទេព រ៉ានិត

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.