១.ក្មេងចណ្ឌាល

%e1%9e%9b%e1%9e%b8%e1%9e%9b%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b8%e1%9e%97%e1%9e%b6%e1%9e%82%e1%9f%a1

សាយណ្ហកាលកំពុងឈានចូលមក ព្រះទិនករកំពុងចរចុះទាបហៀបនឹងលិចដងព្រៃឰដ៏ត្រើយ បច្ឆិមទិសនៃមហានទីអចិរវតី ផ្នត់ពពកដ៏មីរដេរដាសលើដែននភាល័យប៉ែកបច្ឆិមទិសបានត្រូវពន្លឺ ព្រះពាន់រង្សីចែងចាំងឡើងពណ៌ក្រហមច្រាលរន្ទាលឆ្លាស់ខ្មៅនឹងលឿងគួរឲ្យពិចពិលរមិលមើល ពន់ពេក ។

ហ្វូងបក្សាបក្សីហើរលះបង់ចោលគោចរដ្ឋានជាហ្វូងជាហ្វាយវិលត្រឡប់ទៅកាន់ សម្បុក ចំណែកឯពួកគោបាលឯណោះវិញកំពុងកៀងគោអំពែត្រឡប់ទៅកាន់ភូមិលំនៅឋានរបស់ខ្លួន បោះបង់ចោលក្សេត្រភូមិនិងសំយាបព្រៃឲ្យស្ថិតនៅនាកណ្តាលក្តីស្ងាត់ច្រងំនៃសាយណ្ហកាល ។

ក្សិណនោះរេវត្តកុមារក្មេងកម្លោះនៃភូមិចណ្ឌាលកំពុងដើរតយង៉យទើលងើលតាម ក្រោយគោរបស់គេសំដៅឆ្ពោះទៅកាន់ភូមិដែលមើលទៅឃើញលឹមៗនៅខាងមុខឯណោះ សម្បុរកាយរបស់គេឡើងខ្មៅគគ្រីមគគ្រើម សូចិនាឲ្យឃើញថាជាអ្នកធ្វើការងារធ្ងន់ សម្លៀកបំពាក់ដាច់ដាចរហែករហុយសឲ្យឃើញទុគ្គតភាពរបស់គ្រួសារ មែនពិត ឪពុករបស់គេ មានមុខរបរខាងការកាប់ឧសលក់ រាល់បុព្វណ្ហសម័យ ឪពុកគេតែងបររទេះចូលទៅដងព្រៃ ដើម្បីរកឧស ហើយនិងវិលត្រឡប់មកផ្ទះវិញក្នុងសាយណ្ហសម័យ លុះព្រឹកឡើង ក៏យកឧស ផ្ទុកពេញរទេះបរចូលទៅលក់ក្នុងក្រុងសាវត្ថីជាប្រចាំ ហើយក៏វិលត្រឡប់មកវិញមួយអន្លើដោយស្បៀងអាហារ និង សម្លៀកបំពាក់បន្តិចបន្តួច ។

ឪពុករបស់រេវត្តកុមារមានមេគោឆ្មាត់ ១ ក្បាល និង គោព្រោះ ២ ក្បាលទៀតសម្រាប់ទឹម ។ រេវត្តកុមារតែងតែកៀងគោទាំងនោះទៅបន្ស៊ីតិណជាតិតាមក្សេត្រភូមិនិងសំយាបព្រៃប៉ែក ឧត្តរទិសនៃមហានទីអចិរវតីជាមួយនឹងពួកក្មេងគ្រាមវាសីជាទិនានុទិនជាប់មិនដាច់ ក៏ប៉ុន្តែតាមធម្មតា រេវត្តកុមារចូលចិត្តនៅម្នាក់ឯងស្ងាត់ៗមិនសូវទៅប្រឡែងលេងជាមួយនឹងមិត្តភក្តិទេ ពីព្រោះក្លើៗទាំងនោះច្រើនតែនាំគេទៅបង្កជម្លោះប្រវាយប្រតប់នឹងពួកក្មេងវណ្ណៈព្រាហ្មណ៍ជា រឿយៗ ជួនកាលដល់ថ្នាក់រងរបួសស្នាមត្រឡប់មកវិញក៏មាន ។

ជម្លោះទាស់ទែងទាំងនេះ បណ្តាលមកពីពួកក្មេងវណ្ណៈព្រាហ្មណ៍បណ្តុះគំនិតស្អប់ខ្ពើមពួកក្មេងចណ្ឌាលដោយសម្តែង អាកប្បកិរិយាមើលងាយមើលថោកដោយប្រការផ្សេងៗ ។

ល្ងាចថ្ងៃនេះ គេត្រូវកៀងគោត្រឡប់មកផ្ទះវិញតែម្នាក់ឯង ត្បិតមិត្រសម្លាញ់ដែលឃ្វាលគោជា មួយគ្នាបានវិលត្រឡប់មកផ្ទះវិញយូរហើយ លុះមកដល់កំពង់ទឹកក្បែរភូមិ គេក៏កៀងគោឲ្យចុះផឹក ទឹកហើយខ្លួនឯងក៏ចុះងូតទឹកក្នុងស្ទឹងអចិរវតី ខណៈដែលកំពុងតែស្ថិតនៅក្នុងទឹកនោះ គេមិនភ្លេចនឹងបែរមុខទៅទិសខាងលិចហើយគយគន់មើលព្រះទិវាករពណ៌ក្រហមច្រាលដែលកំពុងចរចុះ អស្តង្គតកាន់ផ្ទៃទឹកនោះទេ ដាក់ដៃទាំងទ្វេពាតនៅចន្លោះដើមទ្រូងហើយក៏សូធ្យមន្តថ្កើងព្រះបារមីនៃព្រះសុរិយទេពជាម្ចាស់រហូតដល់ព្រះទិវាករអស្តង្គតរលត់បាត់ទៅ ទើបយកដៃទាំងពីរក្បង់ទឹក លើកឡើងហើយបង្ហូរចុះវិញព្រមទាំងអធិដ្ឋានសូមជ័យជម្នះចូរកើតមានដល់ខ្លួននិងចណ្ឌាលទាំងពួង ។

%e1%9e%9b%e1%9e%b8%e1%9e%9b%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b8%e1%9e%97%e1%9e%b6%e1%9e%821

រេវត្តកុមារតែងតែធ្វើយ៉ាងនេះជាប្រចាំ គេគិតរំពឹងក្នុងចិត្តនៅពេលដែលដើរតាម ក្រោយគោត្រឡប់ទៅកាន់ភូមិវិញថា “ថ្មើរណេះ ពុកមុខជាវិលត្រឡប់មកពីក្រុងសាវត្ថីវិញហើយ ព្រឹកមិញនេះ ពុកសន្យាថានឹងទិញភួយថ្មីមកផ្ញើ ថ្មើរណេះ ភួយថ្មីប្រហែលជារងចាំ នៅឯផ្ទះហើយ តាំងពីពេលនេះតទៅ នឹងដេកនៅសុខស្រួលមិនខាន” គេនឹកញញឹមក្នុងចិត្តកាលបើគិតស្មានថាខ្លួនឯងនឹងបានភួយថ្មី ព្រោះគេបានដេកនៅរងាមកតាំងពីដើមហេមន្តរដូវម្លេះ ។ ការដែលគេមិនបានភួយថ្មីនៅគ្រាមុន ក៏ព្រោះតែឪពុកមានកិច្ចរវល់ត្រូវចាយវាយទ្រព្យទៅក្នុងផ្ទូវដទៃ ទើបប្រាក់មិនគ្រប់គ្រាន់នឹងទិញភួយឲ្យកូនប្រុសជាទីស្រឡាញ់តែមួយគត់របស់ខ្លួន បានទើបនឹងគ្រប់គ្រាន់នៅគ្រានេះឯង ។

លុះត្រឡប់មកដល់ផ្ទះវិញហើយ ជួសនឹងបានភួយថ្មីដូចគេគិតស្មានទុក រេវត្តកុមារបែរជាបានទទួលដំណឹងថ្មីមួយដែលគេចាត់ទុកថាជាដំណឹងអាក្រក់ គួរសម ដោយហេតុថា ឪពុកស្រដីឡើងក្រោយពីអាហារពេលល្ងាចថា “នែរេវត្តៈកូន ! ថ្ងៃនេះ លោកសុមង្គលគ្រហបតីឯក្រុងសាវត្ថីដែលទទួលទិញឧសពុកជាប្រចាំមកយូរហើយនោះ បានមានប្រសាសន៍នឹងពុកថា លោកត្រូវការក្មេងប្រុសម្នាក់ លោកគិតថ្លៃឈ្នួលឲ្យ ១ ថ្ងៃ ១ កហាបណៈ លោកទទូចឲ្យពុកជួយរកក្មេងឲ្យ ពុកទើបជម្រាបប្រាប់លោកថា ខ្ញុំប្របាទមានកូនប្រុសម្នាក់អាយុ ១៥ ឆ្នាំ បើលោកម្ចាស់ត្រូវការ ខ្ញុំប្របាទនឹងនាំមកផ្ទុកផ្តាក់ជូន លោក គ្រហបតីប្រាប់ថាបើបានកូនប្រុសរបស់លោក រឹតតែប្រសើរ លោកនឹងគិតថ្លៃឈ្នួលឲ្យជាទ្វេភាគ ពុកបានប្រឹក្សាជាមួយនឹងម៉ែឯងហើយ សម្រេចថា គួរឲ្យឯងទៅ ឯងនឹងថាយ៉ាងម៉េច

រេវត្តកុមារអង្គុយឈ្ងោកមុខចុះស្ងៀម មិនបានឆ្លើយតបថាដូចម្តេចទេ ម្តាយមើលអាកប្បកិរិយាទៅដឹងថាកូនប្រុសមិនចង់ទៅ ទើបស្រដីឡើងថា “កូនមាសម្តាយ! ចូរកូនទៅរស់នៅនឹងលោកគ្រហបតីចុះ បើកូនទៅរស់នៅជាមួយនឹងលោក ម្តាយគិតថាកូននឹងបានទទួលប្រយោជន៍ច្រើនយ៉ាង ប្រាក់ថ្លៃឈ្នួលដែលកូនបានទទួលពីលោកគ្រហបតី បើនៅសល់ពីការចាយវាយ ក៏សន្សែសន្សំរួបរួមទុកហើយក៏ផ្ញើមកឲ្យឪពុកម្តាយចាយខ្លះ វាជាការជួយ ទំនុកបម្រុងឪពុកម្តាយចិញ្ចឹមជីវិត ឪពុកឯងនិងម្តាយមួយថ្ងៃៗកាន់តែចាស់ទៅៗ កម្លាំងវាំងជាកាន់តែថមថយខ្សោយចុះរាល់ថ្ងៃ គង់នឹងមិនមានកម្លាំងកំហែងល្មមនឹងធ្វើការរកស៊ីចិញ្ចឹមជីវិតបានល្អដូចមុនទេ ឪពុកម្តាយត្រូវពឹងពាក់អាស្រ័យកូន ម្យ៉ាងទៀត កាលបើកូនចូលទៅរស់នៅក្នុងទីក្រុង កូននឹងយល់ដឹងរឿងរ៉ាវផ្សេងៗ ការណ៍នេះកូននឹងបានចំណេះឈ្លាសវៃពិទ័គ្ធក្នុងកុសលោបាយរកទទួលទានសម្រាប់ខ្លួនតទៅមុខ មិនបាច់ព្រួយបារម្ភពីឪពុកម្តាយទេ ចូរកូន ព្រួយបារម្ភពីខ្លួនឯងឲ្យមែនទែន យើងទាំងពីរនាក់ចាស់ណាស់ហើយ សេចក្តីសុខសម្រាប់មនុស្សចាស់ គឺ ការដែលបានឃើញកូនមានចំណេះវិជ្ជា សិរី សម្បត្តិ សុខ ចូរទៅរស់នៅជាមួយនឹងលោកគ្រហបតីចុះ ណាកូន ! ” និយាយហើយម្តាយក៏យកដៃអង្អែលខ្នងកូនប្រុសដោយសេចក្តីសន្តោសប្រណី ។

រេវត្តកុមារនៅស្ងៀមឈឹង ដោយទឹកចិត្តពិត គេមិនចង់ទៅទេ ប៉ុន្តែលុះបានស្តាប់ហេតុផលរបស់ ម្តាយគេហើយ គេក៏ចិត្តទោរទន់ ប៉ុន្តែប្រកែកថា “ប៉ុន្តែលោកគ្រហបតីហ្នឹងជាមនុស្សវណ្ណៈ ព្រាហ្មណ៍មិនមែនឬ?” ឪពុកប្រញាប់ឆ្លើយភ្លាមថា “ត្រឹមត្រូវហើយ ពិតតែលោកជាមនុស្សវណ្ណៈ ព្រាហ្មណ៍មែន តែថាកូនមិនបាច់ខ្វល់ចិត្តថានឹងបានទទួលការប្រមាថមើលងាយពីលោកទេ ពុកបានទាក់ទងធ្វើជំនួញជាមួយនឹងលោកអស់កាលយូរអង្វែងរហូតដល់ស្គាល់ចិត្តរបស់លោកហើយ ពិតតែលោកជាមនុស្សវណ្ណៈព្រាហ្មណ៍ដែលកើតពីព្រះឱស្ឋរបស់ព្រះព្រហ្មមែន ប៉ុន្តែលោកមិនប្រកួចប្រកាន់ស្រទាប់វណ្ណៈទេ ចំពោះរឿងនេះ ពុកធានារ៉ាប់រងបាន” ។

នៅទីបំផុត រេវត្តកុមារក៏ទទួលពាក្យឪពុកថានឹងទៅ ប៉ុន្តែមិនមែនទៅដោយស្ម័គ្រចិត្តទេ សុខចិត្តទៅព្រោះតែយោគយល់ដល់ឪពុកម្តាយប៉ុណ្ណោះ រាត្រីថ្ងៃនោះ គេគេងពុំលក់ឡើយ ត្បិតគិតកណ្តក់ក្នុងចិត្តក្នុងការដែលនឹងត្រូវចូលទៅរស់់នៅក្នុងក្រុងសាវត្ថីត្រង់កណ្តាលហ្វូង មនុស្សចម្រុះវណ្ណៈ សូម្បីបើឪពុកបានធានារ៉ាប់រងហើយថាលោកគ្រហបតីជាមនុស្សល្អក៏ដោយ គេអត់នឹងកាត់ស្មានហេតុការណ៍ទៅក្នុងទុទិដ្ឋិនិយមមិនបាន ពីព្រោះគេធ្លាប់ជួបប្រទះមកហើយ រួចក៏ធ្លាប់តស៊ូមកហើយជាមួយនឹងទិដ្ឋិមានះដ៏រឹងរបឹងរបាញរបស់ពួកព្រាហ្មណ៍ ។

អាកាសធាតុថ្ងៃនោះរងាខ្លាំងណាស់ ភួយផ្ទាំងតូចរបស់គេដណ្តប់បានផុតមុខផុតក្រោយ គេហាក់នឹងថាកំពុងគេងលើកំពូលភ្នំកៃលាស សព្វបើរងាញ័រញាក់ម្តេចម្តា នៅក្នុងជម្រៅដួងចិត្តវិញ គេនៅតែនឹកកក់ក្តៅក្នុងចិត្តត្បិតបាននៅនែបនិត្យជិតឪពុកម្តាយបង្កើត កាលបើ ចូលទៅរស់នៅក្នុងទីក្រុងនាកណ្តាលជំនុំមនុស្សវណ្ណៈផ្សេងៗហើយ គេនឹងស្រងេះស្រងោច កណ្តោចកណ្តែងអម្បាលណាហ្ន ! រេវត្តកុមារគិតគន់ពន់រែកក្នុងរឿងនេះរហូតរាត្រីកាល ។

លុះថ្ងៃព្រឹកឡើង រេវត្តកុមារក៏ជម្រាបលាម្តាយរបស់ខ្លួនហើយក៏ដើរតាមក្រោយឪពុកឆ្ពោះទៅកាន់ក្រុងសាវត្ថី សម្លេងម្តាយគេស្រែកផ្តាំផ្ញើជាលើកចុងក្រោយថា
“ទៅនៅជាសុខចុះ កូនមាសម្តាយ! ចូរកុំភ្លេចថាយើងជាមនុស្សចណ្ឌាលដ៏ថយថោក ចូរធ្វើខ្លួនឲ្យគត់មត់ស្រគត់ស្រគំ តាំងចិត្តប្រណិប័តន៍បម្រុងបម្រើលោកគ្រហបតីឲ្យបានល្អ ចូរចាំបណ្តាំរបស់ម្តាយទុក ណាកូន ! ” ពាក្យពេចន៍របស់ម្តាយបានក្លាយជាឱសថទិព្វជួយស្រោចស្រពដួងចិត្តរបស់គេគ្រប់ពេលវេលា ។

loading…

157 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS