២.កន្លែងថ្មី-ជីវិតថ្មី

%e1%9e%9b%e1%9e%b8%e1%9e%9b%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b8%e1%9e%97%e1%9e%b6%e1%9e%82%e1%9f%a1

កាលបើមករស់នៅក្នុងក្រុងបានមិនយូរប៉ុន្មាន រេវត្តកុមារក៏ដឹងបានថាលោកគ្រហបតីជាកណ្យាណជនពិតដូចឪពុកគេនិយាយប្រាប់សព្វគ្រប់ប្រការ ដោយអាស្រ័យមេត្តាករុណារបស់ លោក រេវត្តកុមារបានទទួលសម្លៀកបំពាក់ថ្មី ភួយថ្មី និង ជីវិតថ្មី គេមានឱកាសបានសិក្សារៀន សូធ្យអក្ខរសម័យពីព្រាហ្មណ៍អ្នកស្ទាត់ជំនាញក្នុងត្រៃវេទម្នាក់ដែលលោកគ្រហបតីជួលមកឲ្យបង្រៀន ជួសនឹងរស់នៅក្នុងឋានៈជាក្មេងបម្រើ រេវត្តកុមារត្រឡប់ជាបានទទួលសេចក្តីស្រឡាញ់អាណិតបីដូចជាកូនប្រុសរបស់លោក គេមានសេចក្តីសុខច្រើនជាងកាលដែលរស់នៅឯផ្ទះ ទ្វេឡើង ប៉ុន្តែក៏មិនភ្លេចថាខ្លួនជា មនុស្សចណ្ឌាលមានឋានៈត្រកូលតូចទាបដែរ គេទើបប្រព្រឹត្តខ្លួនគត់មត់ស្រគត់ស្រគំជានិច្ច ខ្នះខ្នែងរៀនសូធ្យ និង ធ្វើការងារដោយសេចក្តីមិនធ្វេសប្រហែស ទើបបានជាទីស្រឡាញ់ទុកចិត្តរបស់លោកគ្រហបតីកាន់តែច្រើនឡើង ។
លោកគ្រហបតីជាថៅកែជំនួញធំម្នាក់នៅក្នុងទីក្រុងសាវត្ថី លោកតែងនាំរទេះ ៥០០ នឹម ផ្ទុកទំនិញបរទៅលក់តាមស្រុកភូមិផ្សេងៗក្នុងជនបទស្ទើរទូទាំងដែនដីជម្ពូទ្វីប ទម្រាំនឹងវិលត្រឡប់ មកដល់ក្រុងសាវត្ថីវិញម្តងៗ ត្រូវចំណាយពេលរាប់ខែ លោកគ្រហបតីមានកូនប្រុសម្នាក់ឈ្មោះ ជយសេន មានអាយុស្របាក់ស្របាលដំណាលនឹងរេវត្តកុមារហើយស្រឡាញ់ ចូលចិត្តរេវត្តកុមារពន់ពេកណាស់ មានកូនស្រីច្បងឈ្មោះ កណិការ និងកូនស្រីពៅ ឈ្មោះ លីលាវតីទាំងពីរនាក់នេះលោកគ្រហបតីឲ្យរស់នៅលើប្រាសាទជាន់ខ្ពស់ខាងលើ មាននាងទាសីចាំប្រណិប័តន៍បម្រើជាប្រចាំ ក្នុងគ្រាដែលមានបុណ្យនក្ខត្តឫក្សធំៗ ប៉ុណ្ណោះទើបអនុញ្ញាតឲ្យចុះមកអភិរមរីករាយរអាករពាយបាន ប៉ុន្តែកាលដែលលោកគ្រហបតីមិននៅគេហដ្ឋាន នាងទាំងពីរក៏ចុះមកលេងកំសាន្តខាងក្រោមជាអាចិណ្ណ ពីព្រោះនាង គ្រហបតានីជាម្តាយមិនសូវប្រិតប្រៀងប្រពៃណីបុរាណដូចយ៉ាងលោកគ្រហបតីជាឪពុកទេ ។

គ្រាមួយនោះ នៅពេលដែលលោកគ្រហបតីមិននៅគេហដ្ឋាន ត្រូវធ្វើដំណើរទៅប្រកបជំនួញជួញប្រែឯដែនកាសី មួយខែប្លាយទៀតទើបវិលត្រឡប់មកដល់ក្រុងសាវត្ថីវិញទាំងលោកក៏ បាននាំជ័យសេនជាកូនប្រុសទៅជាមួយដែរ ដើម្បីឲ្យបានមើលឃើញ និង គយគន់មើលវិធីការជំនួញ មើលឃើញស្រុកទេស និងពួកជនក្នុងតំបន់ផ្សេងៗ អាចនឹងមានចំណេះចេះគិតកាញ់ទូលំទូលាយនិងចេះប្រកបរបរពាណិជ្ជកម្មបានយ៉ាងល្អតទៅអនាគត នាងព្រាហ្មណីជាម្តាយ បានឱកាសក៏នាំកូនស្រីទាំងពីរចេញដើរលំហែកាយតាមសួនឧទ្យាន តាមទេវាល័យ និង ទីប្រជុំជន ពេលខ្លះក៏ហួសទៅលេងទឹកក្នុងស្ទឹងអចិរវតី ក្នុងកំឡុងពេលនោះឯង រេវត្តកុមារ កម្សត់ត្រូវទទួលរងទុក្ខអភិក្រម ។
គេចាប់ផ្តើមរអៀសខ្លួនថាកំពុងត្រូវនាងព្រាហ្មណី និងកណិការសំឡក់សម្លឹងមើលដោយ ក្រសែភ្នែកសម្តែងភាពជាបច្ឆាមិត្រ គេមិនសប្បាយចិត្តសោះគិតថា ខ្លួនមុខជាធ្វើអ្វីខុសម្យ៉ាង មិនខាន ទើបជាហេតុឲ្យត្រូវផ្តោតសម្លឹងមើលបែបនោះ ក្មេងកម្លោះងាករេបែរមកពិចារណា ត្រួតត្រាមើលខ្លួនឯងយ៉ាងល្ងិតល្អន់ ប៉ុន្តែគិតមិនឃើញថាខ្លួនបានធ្វើអ្វីខុសទេ ការងារក្នុងមុខបាឋដែលដាក់ឲ្យ មិនមានខ្ចោះខ្វះចន្លោះថ្លោះធ្លោយអ្វីទេ កិរិយាឫកពាគេក៏សំរួមរវាំងបានយ៉ាងល្អល្អះតាមដែលបានទទួលការប្រៀនប្រដៅមក ប៉ុន្តែដើម្បីជាការមិនប្រមាទទ្វេធ្វេស រេវត្តកុមារបានយកចិត្តទុកដាក់ចំពោះកាតព្វកិច្ច និង កិរិយាមារយាទឲ្យកាន់តែល្អប្រសើរឡើង ទុកជាម្លឹងក៏ដោយ អាកប្បកិរិយារបស់ម្តាយកូនទាំងពីរក៏នៅតែមិនផ្លាស់ប្តូរដដែល ។

នៅថ្ងៃមួយ ខណៈដែលរេវត្តកុមារកំពុងជួតត្រដុសផ្ទៃឥដ្ឋប្រាសាទតាមធម្មតា នាងកណិការគាប់ ជួនដើរកាត់មក គ្រាន់តែសំឡឹងឃើញរេវត្តកុមារភ្លាម នាងក៏ម្នីម្នា លើកជាយសម្ពត់ភូសាឡើង បិទមាត់ និង ច្រមុះ ចងចិញ្ចើមសម្តែងអាការៈមើលងាយមើល ថោកទាំងរអ៊ូរងាំរង៉ូវនូវអ្វីម្យ៉ាងហើយក៏ដើរចៀសចេញទៅ ។ គ្រាមួយទៀត គេបានលបស្តាប់ ឬម្តាយកូនសន្ទនាគ្នាក្នុងបន្ទប់ថា
“បពិត្រអ្នកម៉ាក់ ! អង្កាល់ណាបានអាក្មេងចណ្ឌាលកាកមនុស្សនឹងគេចចេញពីផ្ទះយើង”
នាងព្រាហ្មណីឆ្លើយថា “មែនហ្នឹងណៈ ម៉ាក់កំពុងតែគិតរឿងហ្នឹងដែរ ទោះជាយ៉ាងណា ក៏ដោយ ម៉ាក់ត្រូវតែកម្ចាត់វាចេញទៅឲ្យទាល់តែបាន ម៉ាក់នៅទ្រាំមើលកាឡកណ្ណីចង្រៃនេះ តទៅទៀតមិនបានទេ ”
នាងកណិការនិយាយទាំងឆុរឆាវហេវហាវថា
“កូនមិនយល់សោះថា ហេតុអីបានជាលោកប៉ាសុខចិត្តបន្ទន់បន្ទាបកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ វណ្ណៈព្រាហ្មណ៍ដ៏ស័ក្តិសិទ្ធិទៅទទួលយកតួចង្រៃចង្រោកចូលមកទុកក្នុងផ្ទះយ៉ាងនេះ ប៉ាមិន ខ្លាចប្រឡាក់ប្រឡូសដោយអពមង្គលឬយ៉ាងណាអេះ”
នាងព្រាហ្មណីនិយាយបន្ទរទៀតថា
“ប៉ាឯងធ្វើហ្នឹងហាក់បីដូចជាមនុស្សវណ្ណៈព្រាហ្មណ៍សាបសូន្យអស់រលីងអំពីដែនដីជម្ពូទ្វីបហើយអញ្ចឹង បើប៉ាឯងនៅតែធ្វើអញ្ចឹងតទៅទៀត ម៉ាក់ប្រហែលជានៅទ្រាំមើលមុខអ្នកក្រុងសាវត្ថីមិនបានទៀតទេ”

អាស្រ័យពាក្យពេចន៍ទាំងអម្បាលម៉ាននេះ រេវត្តកុមារទើបដឹងច្បាស់ថាអត្តចរិតជាសត្រូវរបស់ចៅហ្វាយនាយបណ្តាលមកពីចណ្ឌាលភាពរបស់គេហ្នឹងឯង មិនមែនព្រោះអសុក្រិតភាពក្នុង ការងារ ឬ ចរិយាមារយាទនោះទេ ហេតុដូច្នេះគ្មានមធ្យោបាយណាដោះស្រាយបានឡើយ ក្រៅតែពីស្លាប់ហើយទៅចាប់កំណើតថ្មីក្នុងវណ្ណៈព្រាហ្មណ៍ ពុំនោះសោតទេ ក៏រត់គេចចេញពីផ្ទះដ៏សែនទោម្នេញនោះទៅ ។

%e1%9e%9b%e1%9e%b8%e1%9e%9b%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b8%e1%9e%97%e1%9e%b6%e1%9e%821

loading…

អាកប្បកិរិយាជាអរិភាពរបស់ចៅហ្វាយនាយមើលទៅហាក់ដូច ជាធ្ងន់ធ្ងរឡើង រេវត្តកុមារត្រូវផ្តាច់បង់នូវសិទ្ធិផ្សេងៗដែលធ្វាប់បានទទួល និងត្រូវបង្ខិតបង្ខំឲ្យ ធ្វើការងារកាន់តែធ្ងន់ឡើងៗដូចយ៉ាងទាសករដទៃទៀត ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើកិច្ចការលំបាក គេអាចល្មមនឹងស៊ូទ្រាំបាន ព្រោះកាលដែលនៅរស់ជាមួយនឹងឪពុកម្តាយ គេធ្លាប់លំបាកមកហើយ ប៉ុន្តែការដែលនឹងទទួលជំនេរជេរស្តីដោយពាក្យសម្តីទ្រគោះបោះបោកផ្សេងៗនេះ ទើបជាហេតុឲ្យគេមិនអាចធន់ទ្រាំបាន នៅពេលដែលឪពុករបស់គេមកអើតងើតនាល្ងាចថ្ងៃមួយ គេបានបូរបាច់រ៉ាយរ៉ាប់ប្រាប់សេចក្តីទុក្ខព្រួយឲ្យឪពុកស្តាប់សព្វគ្រប់ ហើយសុំឪពុកត្រឡប់ទៅនៅផ្ទះដើមវិញ ប៉ុន្តែត្រូវឪពុកហាមឃាត់ ប្រាប់ថា
“ចូរស៊ូទ្រាំទៅ ណៈកូន ! ចូរខិតខំធ្វើអំពើល្អឡើង ជួលកាលអំពើល្អរបស់កូន ក៏អាចនឹងឈ្នះចិត្ត របស់គេក៏បាន បើអត់ទ្រាំមិនបានទេ នឹងត្រឡប់ទៅនៅផ្ទះជាមួយនឹងឪពុកវិញក៏បាន ប៉ុន្តែគប្បីបង្អង់រងចាំឲ្យលោកគ្រហបតីត្រឡប់មកគេហដ្ឋានវិញសិនសឹមជម្រាបលាលោក ត្រឡប់ទៅវិញ” ។

រេវត្តកុមារស៊ូទ្រាំនៅតទៅទៀតតាមពាក្យណែនាំរបស់ឪពុក មុនគេងរាល់យប់ គេតែងតែសូធ្យ មន្តអង្វរព្រះសិវៈជាម្ចាស់ដើម្បីជួយបណ្តាលឲ្យលោកគ្រហបតីឆាប់វិលត្រឡប់មកវិញ ព្រះជាម្ចាស់ឰដ៏សគ្គាល័យហាក់បីដូចជាបានឮសម្លេងយំយែកក្នុងដួងចិត្តរបស់គេ ត្បិតមក មិនយូរប៉ុន្មាន លោកគ្រហបតីក៏និវត្តមកពិតមែន រេវត្តកុមារបែរជាបានទទួលសិទ្ធិសព្វយ៉ាងដូចដើមវិញ ។

នាងព្រាហ្មណីនិងកណិការត្រឡប់ជាបដិបត្តិចំពោះគេយ៉ាងបាតដៃជាខ្នងដៃ ទាំងម្តាយទាំងកូនបានសម្តែងសេចក្តីមេត្តាត្រាប្រណីដល់គេយ៉ាងចេញមុខចេញមាត់ ប៉ុន្តែរេវត្តកុមារដឹងថាទង្វើទាំងអស់គេក្លែងធ្វើដើម្បីផ្គាប់ផ្គន់លោកគ្រហបតីប៉ុណ្ណោះ យ៉ាងណាក៏ដោយ រាល់ពេលវេលាដែលលោកគ្រហបតីនៅគេហដ្ឋាន គេក៏មានសេចក្តីសុខស្ទើរតែភ្លេច បាត់អស់សេចក្តីទុក្ខសោកដែលបានទទួលនៅពេលដែលលោកមិននៅ លុះពេលតមកមិនយូរប៉ុន្មាន លោកគ្រហបតីក៏ត្រូវចាកចេញទៅធ្វើជំនួញទៀត ម្តងនេះ នាងព្រហ្មណីក៏ចាប់ផ្តើម កំញើញពាធាទៀតថា “ឯងធ្វើបានល្អណាស់ អាគម្រក់ ! ការដែលឯងមិនប្រាប់ឲ្យប្តីអញដឹង ជាការល្អហើយ ប៉ុន្តែទោះបីជាឯងប្រាប់គាត់ក៏ដោយ ក៏គាត់មិនជឿដែរ ដើម្បីជារង្វាន់ដល់ឯង ចាប់តាំងពីថ្ងៃនេះជាដើមទៅ ឯងតោងតែទៅនៅក្នុងខ្ទមក្រោយប្រាសាទឯណោះ អញទ្រាំនៅ រួមជាមួយនឹងអាចង្រៃឯងយូរហើយ” ។
នៅល្ងាចថ្ងៃនោះ រេវត្តកុមារត្រូវឱបក្រសោបយកបង្វេចសម្លៀកបំពាក់របស់ខ្លួនទៅនៅក្នុង កូនខ្ទមតូចក្នុងសួនច្បារក្រោយប្រាសាទ គេបានទទួលបញ្ជាឲ្យធ្វើការងារក្នុងចម្ការ ដូចជា ដងទឹក ស្រោចដើមឈើ ចាំងស្មៅ ជ្រួយដីជាដើម នាងព្រាហ្មណីបានប្រគល់ភារកិច្ចដល់ ទាសករម្នាក់ឲ្យជាអ្នកមើលការខុសត្រូវគេ រាល់ពេលព្រឹក និង ពេលល្ងាចមានទាសីម្នាក់យកភោជនាហារទៅឲ្យ អាហារនោះក៏គ្មានអ្វីក្រៅពីបាយចុងអង្ករ និង ទឹកជ្រក់ឡើយ ទោះបីជាធ្វើការងារធ្ងន់ក៏ដោយ គេក៏មានអារម្មណ៍ធូរស្បើយស្រួលចិត្តច្រើនជាងនៅគេហដ្ឋានពីព្រោះ មិនបានឮសម្លេងជេរប្រទេច និង ប្រមាថកាតទានដោយផរុសវាចាផ្សេងៗ ម្យ៉ាងវិញទៀត ការនៅតោលម៉ោលតែម្នាក់ឯងស្ងាត់ៗ ក៏គាប់អធ្យាស្រ័យរបស់គេណាស់ ត្បិតគេធ្លាប់រស់នៅ ណែលណលតែលតោលម្នាក់ឯងមកស្ទើរតែគ្រប់ពេលវេលា គេមានឱកាសនៅរួមជាមួយនឹងឪពុកម្តាយក៏ចំពោះតែពេលព្រឹក ពេលល្ងាច និង ពេលយប់ប៉ុណ្ណោះ កំឡុងពេលថ្ងៃ គេនៅក្នុងព្រៃជាមួយនឹងគោគូជីវិតនិងពួកម៉ាកក្មេងចណ្ឌាលឯណោះ ព្រោះហេតុនោះ កាលបើបានត្រូវដាយចេញពីគេហដ្ឋានមកនៅក្នុងខ្ទមម្នាក់ឯង ទើបត្រូវអធ្យាស្រ័យគេណាស់ ។

93 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS