៣.អ្នកប្រាថ្នាល្អ

%e1%9e%9b%e1%9e%b8%e1%9e%9b%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b8%e1%9e%97%e1%9e%b6%e1%9e%82%e1%9f%a1

នៅថ្ងៃមួយ រេវត្តកុមារត្រូវបង្ខំឲ្យចាំងស្មៅក្នុងសួនច្បារស្ទើរតែពេញមួយថ្ងៃរសៀល ទម្រាំនឹងសូរេចស្រេចហើយក៏ជ្រេល្ងាចល្មម គេមានអារម្មណ៍ល្ហិតល្ហៃអស់ដៃអស់ជើងជាងរាល់ថ្ងៃ ទើបតាំងចិត្តថា នៅពេលទៅដល់ខ្ទមងូតទឹកហើយនឹងប្រញាប់ចូលគេងសម្រាកភ្លាម គេរូតរះដើរត្រឡប់ទៅខ្ទមវិញ គ្រាន់តែឈានជើងឡើងលើខ្ទមប៉ុណ្ណោះ ភ្នែកក៏ប្រទះឃើញកញ្ចប់អ្វីម្យ៉ាងតាំង នៅកណ្តាលបន្ទប់ គេប្រញាប់ឈោងចាប់វាឡើងមកពិនិត្យមើលដោយចម្លែកចិត្ត វាជាកញ្ចប់អ្វីមួយមិនធំមិនតូច មានខ្សែចងឆ្វាក់ទាក់ជុំវិញយ៉ាងមាំ គេនិយាយនឹងខ្លួនឯងតិចៗថា “ស្អីហ្នឹង ខ្ញុំ ត្រូវបើកវាមើលសិន” ពោលហើយគេក៏ស្រាយខ្សែចេញសន្សឹមៗវែកសំពត់ខ្ចប់ចេញដោយដៃ ទាំងពីរញ័រចំប្រប់ និងក្តុកក្តាក់ក្នុងពោះដោយអាការភ័យអររអឹករអាំ ទីបំផុត វត្ថុដែលនៅខាងក្នុង ក៏ត្រូវលេចគ្រហាញចេញមកក្រៅ គេប្រទះឃើញផ្លែស្វាយទុំជោរ ១ ផ្លែ បាយតំណាប់ជាច្រើនដុំ បន្ទះសាច់គោអាំងឆ្អិនហើយ ១ បន្ទះ ហើយនៅមានសំបុត្រ ១ ច្បាប់ ដែលសរសេរសេចក្តីដូចតទៅនេះ
“រេវត្តៈ ខ្ញុំដឹងច្បាស់ថាឯងកំពុងស្ថិតនៅក្នុងអន្លង់មហាទុក្ខ ព្រោះត្រូវនាងព្រាហ្មណី និង កណិការពាធាយាយី គេទាំងពីរប្រតិបត្តិចំពោះឯងយ៉ាងឃោរឃៅណាស់ ខ្ញុំមើលឃើញហើយ ស៊ូទ្រាំនៅមើលបំណាំមិនបាន ទើបដាច់ចិត្តជួយសង្គ្រោះឯងតាមដែលអាចជួយបាន ឯងសូមជ្រាបថា តាំងពីពេលនេះតទៅ នឹងមានមិត្រអ្នកមានបំណងល្អចាំជួយឈឺឆ្អាលឯង នៅម្តុំបរិវេណនេះ ចូរទទួលយកាដូ(របស់ផ្ញើ)បន្តិចបន្តួចរបស់ខ្ញុំទុកហើយបរិភោគចុះ”
“អ្នកប្រាថ្នាល្អ”
យុវកម្លោះចណ្ឌាលអានសេចក្តីសំបុត្រសាចុះសាឡើង ហើយខួរក្បាលរបស់គេក៏ចាប់ផ្តើមគិតច្រើនឆ្ងល់ក្នុងចិត្តថា អ្នកណាហ្នអេះជាអ្នកផ្ញើរបស់និងសំបុត្រនេះមកឲ្យ តម្រេកត្រេកអរ សេចក្តីរំភើប និង សេចក្តីសន្ទិះពិភាល់សង្ស័យធ្វើឲ្យក្មេងកម្លោះភ្លេចក្តីនឿយហត់អស់រលីង គេពុំជឿសោះឡើយថាអ្នកណាម្នាក់នៅក្នុងគេហដ្ឋាននេះជាអ្នកផ្ញើរបស់នេះមកឲ្យគេនោះទេ ពីព្រោះមនុស្សម្នាក់ៗមើលអាកប្បកិរិយាទៅដូចជាសត្រូវចំពោះគេទាំងអស់ ក្រៅតែពីលោក គ្រហបតីនិងជ័យសេនប៉ុណ្ណោះ ប៉ុន្តែពេលនេះអ្នកទាំងពីរនាក់នោះកំពុងទៅធ្វើជំនួញនៅឯដែន ឆ្ងាយ បើដូច្នេះមានអ្នកណាផ្សេងទៀតហ្ន គេសម្លឹងមើលអាហារទាំងនោះដោយស្រេកឃ្លាន ចង់នឹងបរិភោគអាហារទាំងនោះឲ្យសមនឹងចំណង់ស្រេកឃ្លានដែរ ប៉ុន្តែនៅសន្ទិះសង្ស័យ ខ្លាច ក្រែងអាហារនោះមិនបរិសុទ្ធអាចមានអ្នកខ្លះប៉ងព្យាបាទចំពោះគេនាំយកអាហារជម្រៀតថ្នាំពុលមកថ្កល់បញ្ឆោតដើម្បីសំឡេះជីវិតគេ រេវត្តកុមារយកអាហារទាំងនោះមករួមវេចដូចដើមវិញ ហើយក៏ដេកគិតមើលទៅថា“អ្នកប្រាថ្នាល្អ”ជាអ្នកណាហ្ន ! ប៉ុន្តែមិនអាចដឹងបាន ទេ ទីបំផុត គេក៏លង់លក់ទៅដោយសេចក្តីនឿយហត់ ។

%e1%9e%9b%e1%9e%b8%e1%9e%9b%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b8%e1%9e%97%e1%9e%b6%e1%9e%821

loading…

លុះព្រឹកថ្ងៃតមក កាលដែលនាងទាសីយកអាហារមកឲ្យ រេវត្តកុមារក៏សាកសួរថា
“នែបងស្រី ! ល្ងាចម្សិលមិញនេះ បងមានបានយកអាហារមកឲ្យខ្ញុំទេ?”
“មិនបានយកមកទេ”នាងទាសីឆ្លើយដោយសំដីរាបស្មើ
“ខ្ញុំទៅដងទឹកនៅឯស្ទឹងអចិរវតីជាមួយនឹងនាងកុម្ភទាសី ហើយត្រឡប់មកដល់ផ្ទះវិញព្រលប៉ធំណាស់ទៅហើយ”
“បើអញ្ចឹង អ្នកណាយកកញ្ចប់បាយនេះមកឲ្យខ្ញុំ”
រេវត្តៈហុចកញ្ចប់បាយនោះឲ្យនាងទាសីមើល នាងទទួលយកទៅពិនិត្យយ៉ាងល្អិតល្អន់ សម្តែងអាការងឿងឆ្ងល់ហើយនិយាយថា
“ខ្ញុំមិនដឹងទេ ឯងឃើញនៅឯណា?”
រេវត្តៈចង្អុលកន្លែងឃើញឲ្យនាងមើល នាងទាសីសម្តែងចំណាប់អារម្មណ៍យ៉ាងសំណំសំនួន ធ្វើឲ្យរេវត្តៈជឿជាក់ថានាងពិតជាមិនបានដឹងដំណើរដើមទងអ៊ីចឹងមែន ជំនុំគ្នាមួយស្របក់ហើយ នាងទាសីក៏រូតរះត្រឡប់ទៅវិញ ។

លុះពិសាបាយហើយ រេវត្តកុមារក៏ធ្វើការងារតាមមុខបាឋរបស់គេតទៅ រាល់ពេលវេលាដែលគេធ្វើការងារ គេមិនភ្លេចនឹកគិតដល់សំបុត្រចម្លែកនោះទេ អ្នកប្រាថ្នាល្អ ជាអ្នកណាហ្ន លុះធ្វើការងាររួចហើយ គេក៏ត្រឡប់ចូលទៅកាន់ខ្ទមវិញ ។

គេត្រូវចម្លែកចិត្តម្តងទៀតជាលើកទីពីរនៅពេលប្រទះឃើញកញ្ចប់របស់ចម្លែក ១ កញ្ចប់ទៀត តាំងនៅត្រង់កន្លែងដដែលនឹងថ្ងៃមុន នៅពេលដែលបើកមើលទៅ គេក៏ប្រទះឃើញសំពត់សំឡុយសូត្រសាច់ម៉ដ្ឋឆើតឆាយ ១ ផ្ទាំង ជាសំពត់មានតម្លៃអនេកអន័គ្ឃនាំចូលមកពីដែនកាសី មានតែពួកអឌ្ឍជនប៉ុណ្ណោះទើបមានឱកាសប្រើប្រាស់បាន ក្រៅពីសំពត់សំឡុយ នៅមានបាយមធុបាយាសនិងសំបុត្រដូចសព្វមួយដងដែលមានដំណើរសេចក្តីថា

“រេវត្តកុមារ             ខ្ញុំបានដឹងថា
ឯងមិនបរិភោគ      ចំណីអាហារ
          ដែលខ្ញុំផ្ញើមក         ទុកជូនដល់លោក
        ពិសាគ្រាឃ្លាន ។
ខ្ញុំស្រងាកចិត្ត          ចំពោះគំនិត
  ដែលចេះអៀនប្រៀន   ឬមួយស្អប់ខ្ញុំ
        អ្នកជាម្ចាស់ទាន       ធ្វើបុណ្យតាមមាន
       ជូនមនុស្សកម្សត់ ។

ទោះឯងស្អប់ក្តី            ខ្ញុំមិនថាអ្វី
           នាំឲ្យជូរចត់                 ចូរយកសំពត់នេះ
      ទុកស្លៀកគ្រាអត់         ជូនរេវត្តៈកម្សត់
ជាអនុស្សាណ៍” ។
អ្នកប្រាថ្នាល្អ

រេវត្តកុមារគិតក្នុងចិត្តថា “យើងមិនបរិភោគអាហារទាំងនោះអ្នកប្រាថ្នាល្អក៏ដឹងដែរ ហើយអ្នកដែលដឹងរឿងនេះច្បាស់អភិកាសមានតែនាងទាសីម្នាក់ប៉ុណ្ណោះ អ្នកប្រាថ្នាល្អ គឺ ប្រហែលជានាងទាសីនេះទេដឹង ! ” ។

រេវត្តកុមារព្យាយាមឈ្លេចសួរយកការពិតពីនាងទាសី ប៉ុន្តែនាងប្រកែកម៉ឹងគ្រប់ម៉ាត់ ចាប់តាំងពីពេលនោះមក អ្នកប្រាថ្នាល្អអាសាអាសាញ់នោះក៏យកចិត្តទុកដាក់អនុគ្រោះគេជារៀងរហូតមក រេវត្តកុមារធូរស្បើយចិត្តខ្លះព្រោះគិតថានៅកណ្តាលក្តីកណ្តោចកណ្តែងនេះ គេនៅមាន រហស្សមិត្រម្នាក់ដែរ ។

92 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS