៤.ភ្ញៀវគ្រាវិកាល

%e1%9e%9b%e1%9e%b8%e1%9e%9b%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b8%e1%9e%97%e1%9e%b6%e1%9e%82%e1%9f%a1
ថ្ងៃនោះជាថ្ងៃពេញបូណ៌មីនៃខែពិសាខ កាលបើព្រះទិវាករចរចុះអស្តង្គតរលត់បាត់ពីផែនដីទៅមិនយូរប៉ុន្មាន ព្រះហេមករពេញដួងក៏ផុសរះឡើងផុតកំពូលភ្នំយុគន្ធរ ចែងចាំងពន្លឺភ្លឺថ្លាប្រភាសពាសពេញទាំងភូមិភាគជម្ពូទ្វីប ។

រេវត្តកុមារកំពុងអង្គុយនៅត្រម៉ងត្រម៉ោចតែឯកឯងកៀនមាត់ស្រះ នៅត្រង់កណ្តាលនៃសោភណភាពនិងវិវេកភាពនៃរាត្រីកាល ខ្សែវាយោបក់ផាត់រសាត់មកប៉ះម្តងម្កាលត្រជាក់ស្រេប មួយអន្លើដោយក្លិនក្រអូបឈ្ងុយឈ្ងប់នៃបទុមជាតិ សម្លេងច្រៀងទំនុក សោកសៅរបស់នាងកុមារិកាស្តាប់ឮល្វេងល្វើយមកមួយដងមួយគ្រាអំពីសីហបញ្ឈរនៃប្រាសាទ ដែលស្ថិតនៅទល់មុខនឹងសួនឧទ្យាន ។

ខែភ្លឺ ជំនោរខ្យល់ និង សម្លេងច្រៀងសមតែធ្វើឲ្យ រេវត្តកុមាររស់នៅបានសុខស្រួលដូចយ៉ាងមហាជនទូទៅ ប៉ុន្តែបេះដូងរបស់គេក្នុងពេលនោះ ពោរពេញទៅដោយទុក្ខទោម្នេញរហូតទាល់តែរកប្រឡោះទំនេរនៅសល់សម្រាប់សេចក្តីសុខណាៗគ្មាន គេចោលក្រសែភ្នែកសម្លឹងមើលទៅព្រះឧឡុរាជដែលកំពុងតែអណ្តែតលឿនលយឰដ៏មេឃាអម្ពុធរ ហើយក៏នឹកភ្នកដល់អតីតកាលកន្លងមក គិតដល់ឪពុកម្តាយ គិតដល់មេគោឆ្មាត់ និងច្រាំងស្ទឹងអចិរវតីដែលគេធ្លាប់នាំវាទៅបន្ស៊ីតិណជាតិ គេចង់ត្រឡប់ទៅរកវាវិញ ទៅរស់នៅក្រោមដើមទ្រូងដ៏កក់ក្តៅរបស់ឪពុកម្តាយដូចដើមវិញ យុវកម្លោះបណ្តែតអារម្មណ៍ឲ្យអណ្តែតអណ្តូងទៅគួរនាដូចជាដុំពពកពណ៌សក្បុសដូចសំឡីកំពុងអណ្តែតត្រសែតទៅកាត់ ព្រះនិសារករជាដុំៗដូច្នោះ ។

យុវកម្លោះកំពុងអង្គុយគិតភ្លឹកភ្លាំងអស់ពេលជាយូរ មកភ្ញាក់ដឹងខ្លួនព្រើតនៅពេលត្រចៀកបាន ឮសម្លេងស្រែកហៅឈ្មោះគេឮមកពីខាងក្រោយខ្នងល្វើយៗថា “រេវត្តៈ ! រេវត្តៈ ! ហ្នឹងឯងមែនទេ” គេបែរខ្វាប់ប្រញាប់មើលទៅត្រង់សម្លេងនោះ ហើយបានប្រទះឃើញមនុស្សម្នាក់មាន សម្លៀកបំពាក់ទទូរពណ៌ខ្មៅកំពុងដើរវែកដង្គុមឈើសំដៅមករកគេស្ទុងៗ ដោយស្លន់ចិត្ត និង ចម្លែកចិត្តលាយឡំគ្នា យុវកម្លោះម្នីម្នាក្រោកឡើង ប្រុងជើងនឹងតស៊ូ ព្រោះនៅមិនទាន់ដឹងថា អ្នកនោះជាបិសាច ឬ មនុស្សទេ បុគ្គលចម្លែកនោះមកឈរនៅទល់មុខគេហើយស្រដីឡើងតិចៗថា
“នាយមុខជាភិតភ័យណាស់មែនទេ ខ្ញុំមិនមែនជាបិសាចទេ កុំភ័យអខ្លាចអី”

សម្លេងនោះជាសម្លេង តូចស្រួចស្រាល់ហាក់នឹងថាសម្លេងរបស់ស្រ្តីដែលរេវត្តកុមារគិតថាធ្លាប់បានស្តាប់ឮមកហើយ គេសួរដោយចម្លែកចិត្ត ភ័យរន្ធត់ទាំងតក់ប្រមាថា
“អ្នកនាងជាអ្នកណា? មកពីណា? ហេតុអីបានជាមកទីនេះទាំងយប់ព្រលប់អញ្ចឹង”
“នាយចាំខ្ញុំមិនបានទេឬ? ” ភ្ញៀវគ្រាវិកាលនិយាយបណ្តើរលើកស្បៃទទូរលើក្បាលចេញបណ្តើរ បង្ហាញឲ្យឃើញដួងភក្ត្រដ៏ស្រស់ស្អាត លេចត្រដែតច្រងោនៅកណ្តាលពន្លឺព្រះនក្ខត្តរាជ ស្មារតីចងចាំបានប្រាកដជាក់ច្បាស់ដល់រេវត្តកុមារ គេហាមាត់ចង្គ្រង់ដោយស្រឡាំងកាំង ពីព្រោះបុគ្គលចម្លែកនោះមិនមែនអ្នកណាដទៃទេ ប៉ុន្តែជា លីលាវតី កូនស្រីពៅរបស់លោកគ្រហបតីហ្នឹងឯង
គេនិយាយទាំងរំភើបភ័យអរថា
“លីលាវតី ! លីលាវតី ! នេះលីលាវតីពិតមែនឬ?”
“ត្រូវហើយ ខ្ញុំហ្នឹងឯងជាលីលាវតី កុំហៅឈ្មោះខ្ញុំឮពេក តិចលោគេឮ” នាងនិយាយហាមបណ្តើរ លើកស្បៃគ្របក្បាលបណ្តើរដូចដើមវិញ រេវត្តកុមារសួរថា
“លីលាវតី ! អ្នកនាងមកទីនេះធ្វើអីនៅពេលយប់យន់យ៉ាងនេះ?”នាងឆ្លើយភ្លាមថា
“ខ្ញុំមកសួរសុខទុក្ខឯង”
“មកសួរសុខទុក្ខខ្ញុំបាទ ! យី ! អាចទៅរួចដែរឬ? វណ្ណៈព្រាហ្មណ៍ដ៏ខ្ពង់ខ្ពស់មកសួរសុខទុក្ខក្មេងចណ្ឌាលកាកសំណល់មនុស្សដូចយ៉ាងខ្ញុំបាទនេះ ប្រហែលជាខ្ញុំបាទយល់សប្តិទេដឹង ! ”
“ឯងមិនមែនយល់សប្តិទេ រេវត្តៈ ! ឯងនៅមានស្មារតីពេញលេញ ខ្ញុំមកសួរសុខទុក្ខឯងពិតមែនណៈ កុំដេញដោលច្រើនពេក មក៍អង្គុយជំនុំគ្នាលេងល្អជាង”

លីលាវតីនិយាយបណ្តើរ ខិតចូលមកចាប់ដៃយុវកម្លោះឲ្យអង្គុយចុះបណ្តើរ រេវត្តកុមារថយក្រោយក្រាកទៅជិតប្របមាត់ ស្រះហើយពោលទាំងសស្លើតសស្លក់ថា
“កុំ ! កុំ ! លីលាវតី កុំភ្លេចថាខ្ញុំបាទនេះត្រឹមតែជាក្មេងចណ្ឌាលម្នាក់ប៉ុណ្ណោះ កុំធ្វើឲ្យសិរីរាសីរបស់ព្រាហ្មណ៍ត្រូវអាប់ប៉ត្រាប់សៅហ្មងព្រោះតែខ្ញុំបាទ”
“ហៃរេវត្តៈនេះ ឡប់ទេដឹង ! “នាងនិយាយបណ្តើរអង្គុយចុះលើផ្ទាំងមាត់ស្រះបណ្តើរ ចំណែកខាងរេវត្តកុមារនៅឈរច្រងាំងស្ងៀមដដែល ។

%e1%9e%9b%e1%9e%b8%e1%9e%9b%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b8%e1%9e%97%e1%9e%b6%e1%9e%821

ការបង្ហាញខ្លួនរបស់លីលាវតីធ្វើឲ្យគេ រំភើបភ្ញាក់ផ្អើលដល់ថ្នាក់គិតថាខ្លួនកំពុងតែយល់សប្តិ ប៉ុន្តែវាច្បាស់ក្រឡែតជាងការយល់សប្តិយល់សូងទៅទៀត គេប្រមូលសតិអារម្មណ៍ត្រឡប់មកវិញបន្តិចម្តងៗរួចក៏អង្គុយចុះត្រង់កន្លៀតមួយដែលទៀបជាងភ្ញៀវរាត្រីកាលរបស់គេ
“រេវត្ត ! ឯងប្រមែប្រមុំសតិអារម្មណ៍បានដូចដើមវិញហើយឬ?” លីលាវតីនិយាយឡើងក្រោយពីបាត់មាត់ទៅមួយសន្ទុះធំ “ឯងជឿហើយឬនៅថាខ្ញុំមកសួរសុខទុក្ខឯងមែន?”

កាលបើឃើញយុវ កម្លោះចណ្ឌាលនៅមិនទាន់ឆ្លើយតបព្រោះលំណែនលំណាន់តាន់តាប់ក្នុងចិត្ត លីលាវតីទើបនិយាយតទៅទៀតថា

“ខ្ញុំអាណិតឯង ណៈរេវត្តៈ ! កាលដែលឯងត្រូវអ្នកម៉ាក់ និង បងកណិការធ្វើទុក្ខបុកម្នេញ ខ្ញុំបានត្រិះរិះពិចារណារកមធ្យោបាយជួយសង្គ្រោះឯងមកយូរហើយ ប៉ុន្តែមិនទាន់រកឃើញវិធីណាមួយដែលនឹងអាចជួយឯងបានដោយចំហនៅឡើយទេ ទើបឆ្លៀតជួយឯងជាកំបាំងលួចលាក់សិន ខ្ញបានផ្ញើអាហារ និង សម្លៀកបំពាក់តាមនាងទាសីមកឲ្យឯងបីឬបួនដង សង្ឃឹមថាឯងប្រហែលជាបានទទួលហើយ”

នាងឈប់និយាយហើយបែរទៅគន់មើលធម្មជាតិដែលនៅជុំវិញខ្លួន ទឹកនៅក្នុងស្រះបែករលកឡើងតូចៗនៅពេលត្រូវជំនោរខ្យល់រសៀកៗបក់ផាត់មកប៉ះ ស្រមោលព្រះចន្ទនៅក្នុងទឹកញ័ររំភើតរំភើងទៅតាមទឹករលក សម្លឹងមើលទៅហាក់បីដូចជាពន្លឺប្រាក់រលាយរលាក់អណ្តែតត្រសែតក្នុងមេពុម្ពដូច្នោះ ។

ក្លិនដ៏ក្រអូបក្រអួនឈ្ងុយឈ្ងប់នៃផ្កាកោមុទភាយចេញមកម្តងម្កាល ដើមអសោកប្របមាត់ស្រះរលាស់ស្លឹកឮសូរភឹបៗព្រោះត្រូវកម្លាំងខ្យល់បក់ផាត់ លីលាវតីភ្លឹកភ្លាំងនឹងប្រណីតភាពនៃបរិដ្ឋានធម្មជាតិ

លុះបានសតិស្មារតីហើយនាងក៏និយាយថា
“រេវត្តៈ ឯងប្រហែលជាឃ្លានណាស់ហើយ និះខ្ញុំមានរបស់អន្តិចអន្តួចមកផ្ញើដែរ” នាងលូកយកកញ្ចប់ដែលខ្ចប់របស់ចេញពីកន្សែងឃ្លុំហើយដាក់នៅខាងមុខយុវកម្លោះនោះ រួចនិយាយថា

“ទទួលទុកហូបចុះ ថ្ងៃក្រោយ បើមានឱកាសសឹមខ្ញុំយកមកឲ្យទៀត” ។
ខណៈនោះមានសម្លេងអ្វីម្យ៉ាងឮមកពីគុម្ពោតស៊ុមទ្រុមក្នុងសួនច្បារ លីលាវតីឈរសម្រឹងស្តាប់មួយស្របក់ហើយក៏ក្រទីក្រទាក្រោកឡើង និយាយថា
“រេវត្តៈ ខ្ញុំត្រូវចាកចេញទៅសិនហើយ ឥឡូវនេះចង់តែនៅជជែកលេងជាមួយនឹងឯងឲ្យបានយូរដែរ ប៉ុន្តែសេរីភាពក្នុងការធ្វើដូច្នេះគ្មានសោះ ចូរចាំទុកថា បើគ្មានអ្នកណាយល់ចិត្តឯងទេ ក៏នៅមានលីលាវតីម្នាក់ដែរដែលយល់ចិត្តឯង លាសិនហើយណៈ”

លីលាវតីលើកស្បៃទទូរក្បាលជិតស្លុងទាំងប្រញាប់ប្រញាល់ដើរលឹបបាត់ទៅក្នុងចន្លោះគុម្ពោតឈើ

រេវត្តកុមារភ្លេចភ្លាំងអ្វីៗទាំងអស់សូម្បីទាំងពាក្យថា “អរគុណ“ចំពោះទឹកចិត្ត សប្បុរសរបស់នាង គេនៅតែអង្គុយស្ងៀមទ្រឹងត្រង់កន្លែងនោះដដែលទាល់តែព្រះចន្ទចរជ្រេទេរចុះទៅប៉ែកបច្ឆិមទិសទើបឡើងទៅកាន់កូនខ្ទមគេងសម្រាក ។

ហេតុការណ៍ទើបកន្លងផុតទៅថ្មី ៗ ធ្វើឲ្យគេត្រូវគិតគ្នេរគ្នាន់ គេពិតជាមិនបានយល់សប្តិទេ លីលាវតីពិតជាមករកគេមែន នាងប្រាប់ថាអាណិតគេដែលបានទទួលរកទុក្ខលំបាក នាងមិនរើសអើង ឬ ស្អប់ខ្ពើមមនុស្សចណ្ឌាលអម្បាលយ៉ាងគេទេ នាងមិនខ្លាចនឹងប្រឡាក់ប្រឡូសដោយអពមង្គលទេឬ នាងគង់នឹងមិនស្អប់ខ្ពើមទេ បើស្អប់ខ្ពើម នាងមុខជាមិនចុះមករក គេក្នុងរាត្រីកាលអញ្ចឹងទេ បើដូច្នេះមែន នាងក៏ជាមនុស្សវណ្ណៈព្រាហ្មណ៍ដែលចម្លែកជាងគេ នៅខណៈដែលបងស្រីរបស់នាងស្អប់ខ្ពើមរអើមមើលងាយមើលថោកយ៉ាងក្រៃលែង នាងត្រឡប់ជាលបលួចចុះមកលេងគេដល់ខ្ទមក្នុងពេលយប់យន់ទៅវិញ រេវត្តកុមារនឹកស្ងើចសរសើរ ចំពោះមេត្តាករុណាធម៌របស់លីលាវតីយ៉ាងជ្រាលជ្រៅ គេចង់ទៅតាមក្រាបសំពះបាទជើងនាងជាបដិការតបស្នងសងគុណនាង ផ្ទុយទៅវិញ គេត្រឹមតែជាក្មេងចណ្ឌាលកាកសំណល់មនុស្សប៉ុណ្ណោះ !

loading…

123 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS