Cambodia Daily បិទទ្វារថ្ងៃនេះដោយបន្សល់នូវអត្ថបទគួរជាទីចងចាំសម្រាប់ប្រជាជនកម្ពុជា

ការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានធ្វើឱ្យគណបក្សនេះមានការតក់ស្លុត ម្ចាស់ជំនួយព្រាងសេចក្តីថ្លែងការណ៍ ឧត្តមសេនីយ៍យោធាអបអរសាទរ និងអ្នកអង្កេតការណ៍ ព្រមានអំពីការធ្លាក់ចូលក្នុងស្ថានភាពផ្តាច់ការគ្មានដែនកំណត់កាលពីម្សិលមិញ។

ការបង្ក្រាបមានការកើនឡើងយ៉ាងឆាប់រហ័សលើអ្នករិះគន់រដ្ឋាភិបាលបានទៅដល់កាំជណ្តើរផ្ទះរបស់លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញ នាពេលរំលង អធ្រាត្រឈានចូលថ្ងៃម្សិលមិញ ជាពេលដែលនគរបាលបានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង រូបនេះក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ។
លោក ហីុង សុខសាន្ត ប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិក៏បានលើកឡើងផងដែរថា លោកកំពុងតែសម្ងំលាក់ខ្លួន បន្ទាប់ ពីមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលនាំគ្នាទៅផ្ទ របស់ លោកនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។

លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំ តំបន់អាស៊ីបានសរសេរនៅក្នុងអីុម៉េលមួយកាលពីម្សិលមិញថា “ថ្ងៃនេះជាពេលមន្ត្រីទូត ម្ចាស់ ជំនួយ និងបុគ្គលិកទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ដែលលើកឡើងថា វាអាចទៅ រួចក្នុងការដោះស្រាយជាមួយលោក ហ៊ុន សែន នោះ ទីបំផុតនាំគ្នាបើកភ្នែកធំៗមើលមេដឹកនាំផ្តាច់ការរូបនេះធ្វើអ្វីៗដោយឥតលាក់លៀម និងទទួលស្គាល់ថា គំនិតដែលគិតថានឹងមានការបោះ ឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៨ គឺគ្រាន់តែជាក្តីសុបិនរបស់ពួកគេប៉ុណ្ណោះ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា នឹងមានការចាប់ខ្លួន បន្ថែមទៀត ហើយថា កម្ពុជានឹងមានភាពប្រសើរឡើងដោយសារចំណាត់ការបែបនេះ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា “ខ្ញុំគិតថា អ្នកទាំងនោះនិយាយកុហក។ ផ្ទុយទៅវិញវានឹងធ្វើឱ្យ លទ្ធិប្រជាធិបតេយ្យកាន់តែរឹងមាំ និងប្រសើរឡើងទៅវិញទេ”។ លោកបានថ្លែងបន្ថែមថា “ចាំមើលទាំងអស់គ្នាថា លទ្ធិប្រជាធិបតេយ្យងាប់ ឬរស់”។

នៅក្នុងស្ថានការណ៍ប្រែប្រួលនេះ ទំនងជាគ្មាននរណាមានការភ្ញាក់ផ្អើលជាងលោកកឹម សុខា ទេ ដែលនៅក្នុងរូបថតមើលទៅមានការតក់ស្លុត ខណៈលោកត្រូវបានចាប់វាយខ្នោះកៀកចេញ ពីលំដៅដ្ឋានរបស់លោកដែលស្ថិតនៅក្នុងខណ្ឌទួលគោក។

សាក្សីបានលើកឡើងថាមន្ត្រីនគរបាលប្រដាប់អាវុធជាង១០០នាក់ដែលជិះរថយន្តរាប់សិបគ្រឿងបានទៅដល់ផ្ទះលោក កឹម សុខា ដែលស្ថិតនៅតាមបណ្តោយផ្លូវទាល់ដ៏ស្ងាត់ជ្រងំមួយ នាពេលរំលងអធ្រាត្រ ហើយបានបញ្ជាឱ្យអង្គរក្សនៅខាងក្នុងបើកទ្វារឱ្យពួកគេចូល។

ពេលអ្នកនៅខាងក្នុងមិនព្រមបើកទ្វារឱ្យ មន្ត្រីនគរបាលបានឡើងតាមរបងផ្ទះដ៏ខ្ពស់ចូល ទៅខាងក្នុងរួចហើយដកហូតយកអាវុធ និងវិទ្យុទាក់ទង និងសូម្បីតែកូនជ្រូកសន្សំប្រាក់របស់ចុង ភៅក៏យកដែរ ហើយ ទីបំផុតបានចាប់ខ្លួនលោក កឹម សុខា និងអង្គរក្ស៨នាក់ទៀត រួចចាកចេញ ទៅវិញយ៉ាងឆាប់រហ័ស។

អាជ្ញាធរបានរាយការណ៍ថា លោក កឹម សុខា ត្រូវបានបញ្ជូនបន្តទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ជាកន្លែងឃុំឃាំងដែលមានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្នុងខេត្តត្បូងឃ្មុំក្បែរព្រំដែនវៀតណាមកាលពីម្សិលមិញ ។

អង្គរក្សរបស់លោក កឹម សុខា ត្រូវបានដោះលែងវិញនៅម៉ោង៤រសៀលម្សិលមិញដោយគ្មានការចោទប្រកាន់ ក្រោមលក្ខខណ្ឌថា ពួកគេនឹងត្រឡប់មកវិញបើត្រូវការសម្រាប់សាកសួរ នេះបើ យោងតាមលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះ ជាតិ។

លោក ហីុង សុខសាន្ត បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចម្សិលមិញថា លោកបានគេចខ្លួនរួចទាំងប្រផិតប្រផើយ ពេលមន្ត្រីនគរបាលបាននាំគ្នាទៅផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញ។ លោកបាននិយាយថា “ខ្ញុំរត់គេចតាមទ្វារមួយទៀត”។ លោកបានបន្តថា “ខ្ញុំមិនអាចនិយាយអំពីកន្លែងខ្ញុំនៅបានទេ”។

បងប្អូនប្រុសរបស់លោកដែលបដិសេធមិនប្រាប់ឈ្មោះបានលើកឡើងថា ប្រធានក្រុមយុវជន រូបនេះបានគេខ្លួនដោយលោតចេញតាមបង្អួចបន្ទប់គេងចូលទៅក្នុងថ្លុកទឹកមួយនៅលើផ្លូវ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយមួយភ្លែតអំពីការចាប់ខ្លួននេះអំឡុងថ្លែងសុន្ទរកថាទៅកាន់កម្មករកម្មការិនីរោងចក្រកាត់ដេរកាលពីព្រឹកម្សិលមិញ ដោយព្រមាន គណបក្សប្រឆាំង ថា នឹងត្រូវរម្លាយចោលប្រសិនបើប៉ុនប៉ងធ្វើការតវ៉ា។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “កុំថាប្រទេសនេះ ផ្តាច់ការ អត់ទេ!”។ លោកបាន បន្ថែមថា លោកនឹងតាមរកជនបរទេសផ្សេងៗទៀតដែលពាក់ព័ន្ធនៅក្នុងផែនការនេះ។

លោកបានមានប្រសាសន៍បន្តថា “នេះគឺជាអំពីក្បត់ជាតិ យកផលប្រយោជន៍ជាតិឱ្យបរទេស អ្វីៗដើម្បីផ្តួលរំលំ[រដ្ឋាភិបាល]ឡើងកាន់អំណាចខ្លួនឯង”។

អាជ្ញាធរបានលើកឡើងថា ការចាប់ខ្លួននេះកើតមានឡើងដោយសារវីដេអូមួយស្តីពី លោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងប្រទេសអូស្ត្រាលី។ នៅក្នុងវីដេអូនោះ ដែលបង្ហោះនៅ លើទំព័រហ្វេសប៊ុកកាលពីឆ្នាំ២០១៤ លោក កឹម សុខា បាននិយាយដោយបើក ចំហអំពីការគាំទ្រ របស់សហរដ្ឋអាមេរិកចំពោះអាជីពនយោបាយរបស់លោក និងការគាំទ្រចំពោះការខិតខំ ប្រឹងប្រែង របស់គណបក្សប្រឆាំងនៅក្នុងការយកឈ្នះ គណបក្សប្រជាជនកម្ពុជានៅក្នុងការ បោះឆ្នោត។

លោក កឹម សុខា ទំនងជានិយាយថា ទីប្រឹក្សាមិនបញ្ចេញឈ្មោះដែលជួលដោយសហរដ្ឋអាេមរិកបានស្នើឱ្យយកគំរូតាមសែប៊ី ទីដែលអ្នកតវ៉ាតាមផ្លូវបានបង្ខំឱ្យលោកប្រធានាធិបតី Slobodan Milosevic ចេញពីតំណែងកាលពីឆ្នាំ២០០០ បើចង់ផ្លាស់ប្តូរការដឹកនាំនៅកម្ពុជា។

មាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌចែងថា “បទសន្និដ្ឋិភាពជាមួយបរទេស” គឺជាអំពើ ” ត្រូវរូវគ្នា ដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើត ឱ្យមានអំពើ ប្រទូស្តរ៉ាយ ឬឱ្យ មានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា” ដែលត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ពី១៥ឆ្នាំទៅ៣០ឆ្នាំ ។

វីដេអូនេះបែកធ្លាយអំឡុងពេលមានការបង្ហោះសារជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដោយទំព័រហ្វេសប៊ុកអនាមិក ឈ្មោះកូនខ្មែរ ដោយចោទប្រកាន់ស្ថាប័នដែលគាំទ្រដោយអាមេរិក ដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអង្គការមិនមែន រដ្ឋាភិបាលលើកកម្ពស់ ប្រជាធិតេយ្យថា បានប្រើប្រាស់គណបក្សប្រឆាំងដើម្បីផ្តួលរំលំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ក្រសួងការបរទេសបានបិទ NDI កាលពីខែមុន ហើយបានចេញបទបញ្ជាបណ្តេញបុគ្គលិក បរទេសរបស់អង្គការនេះចេញពីប្រទេស។

ការបង្ហោះសាររបស់ទំព័រហ្វេសប៊ុកកូនខ្មែរទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនដោយសារតែមានអត្ថបទព័ត៌មានចុះផ្សាយនៅលើគេហទំព័រព៌តមាន Fresh News ដែលជាអ្នកពាំនាំ សាររបស់រដ្ឋាភិបាល។

រដ្ឋាភិបាលក៏បានបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរកាលពីម្សិលមិញក្នុងការដកមិនឱ្យមានការផ្សាយកម្មវិធីផ្សាយរបស់ការិយាល័យវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេង សហរដ្ឋអាេមរិក (VOA) ដែលទទួលបានជំនួយឧបត្ថម្ភពីសហរដ្ឋអាមេរិកតាមរលកធាតុអាកាស។

ក្រសួងព័ត៌មានបានចេញបទបញ្ជាឱ្យមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងវិទ្យុសម្បុកឃ្មុំ ឈប់ផ្សាយកម្មវិធីរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក។

កាសែត ខេមបូឌា ដេលី ដែលមានម្ចាស់ជាពលរដ្ឋអាមេរិកាំង បានប្រកាស បិទការផ្សាយ របស់ខ្លួន ស្របពេលមានការគំរាមចាត់វិធានការផ្លូវ ច្បាប់ទាក់ទិននឹងអ្វីដែល ខ្លួនលើកឡើងថា ជាបំណុលពន្ធដែលមានជាប់ពាក់ព័ន្ធរឿងនយោបាយ។

គណបក្សសង្គ្រោះជាតិបាននៅស្ងៀមស្ងាត់ខណៈការបង្ក្រាបកាន់តែខ្លាំង ហើយសមាជិក ជាន់ខ្ពស់របស់គណបក្សនេះមានការភ្ញាក់ផ្អើលនឹងការចាប់ខ្លួនមេដឹកនាំរបស់ខ្លួន។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សប្រឆាំងបានប្រាប់វិទ្យុ VOAកាលពីព្រឹក ម្សិលមិញថា គណបក្សនឹងមិនធ្វើការតវ៉ាទាក់ទឹងការចាប់ខ្លួនដែល ”ជារឿងលេងសើច” នេះ ទេ។ លោកបាននិយាយនៅក្នុងស្ទូឌីយ៉ូផ្សាយរបស់វិទ្យុនេះក្នុងទីក្រុងវ៉ាស៊ីនតោនថា ”អ្វីដែលគេបានធ្វើឡើងនេះគឺជាចេតនានយោបាយ ហើយការរំលោភច្បាប់ ហើយជាការនាំយកប្រទេសកម្ពុជាទៅរបបផ្តាច់ការ”។

ប៉ុន្តែ មន្ត្រីជាន់ខ្ពស់គណបក្សដែលបានជួបជុំគ្នារយៈ ពេលខ្លីនៅទីស្នាក់ការ គណបក្ស សង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ គឺជាកាន់តែនៅស្ងៀមស្ងាត់មិនហ៊ាន និយាយអំពីផែនការរបស់ខ្លួន ដោយលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សបានចូលក្នុងរថយន្តយ៉ាងលឿនដើម្បីគេចពីការសាក សួររបស់អ្នកយកព័ត៌មាន។

លោកស្រី មូរ សុខហួរបាននិយាយខ្លីទៅកាន់ អ្នកយកព័ត៌មានពេលលោកស្រីចេញពីជំនួបនោះ ដោយហៅស្ថានការណ៍នោះថា “តានតឹង” ហើយជាថ្មីម្តងទៀតបានស្នើសុំការគាំទ្រពីម្ចាស់ជំនួយបរទេស។

លោកស្រីបានថ្លែងថា ”គណបក្សណា ផ្សេងធ្វើឱ្យប៉ះពាល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ សូមទទួលខុសត្រូវដោយខ្លួនឯង និងប្រឈមមុខជាមួយអន្តរជាតិទៅ”។

យ៉ាងហោចណាស់ ម្ចាស់ជំនួយបស្ចិមប្រទេសពីរបានថ្កោលទោសការចាប់ខ្លួននេះ ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដោយខ្លួនឯង។

លោកស្រី Heather Nauert អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក បានលើកឡើងក្នុង សេចក្តីថ្លែងការណ៍នោះថា “យើងសូមធ្វើការកត់សម្គាល់ដោយការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការ ចាប់ខ្លួនលោក កឹម សុខាពីសំណាក់រដ្ឋាភិបាល មេដឹកនាំគណបក្សប្រឆាំងដ៏គួរគោរព ដោយបទចោទប្រកាន់មួយចំនួនដែលទំនងជារឿងនយោបាយ”។

លោកស្រីបានថ្លែងថា ចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គម ស៊ីវិល “ធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ និងធ្វើឱ្យមានការចោទជាសំណួរធ្ងន់ៗអំពីលទ្ធភាពរបស់រដ្ឋាភិបាលក្នុងការរៀបចំការបោះឆ្នោតជាតិដែលគួរឱ្យជឿទុកចិត្តក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យមានលទ្ធផលដែលមានភាពស្របច្បាប់ តាមបែបលទ្ធិប្រជាធិបតេយ្យ”។

ក្រសួងការបរទេសអាមេរិកបានលើកឡើងពីមុនថា ការបោះឆ្នោតដែលបានកំណត់នៅខែកក្កដា ឆ្នាំ២០១៨ នឹងជឿទុកចិត្តបានប្រសិនបើអនុញ្ញាតឱ្យលោក កឹម សុខា ចូលរួមតែប៉ុណ្ណោះ។ ក្រសួងការបរទេសអូស្ត្រាលីបានជំរុញឱ្យអាជ្ញាធរ “ចាត់វិធានការចាំបាច់ទាំងអស់ដើម្បី រក្សាបរិយាកាសប្រជាធិបតេយ្យបើកទូលាយដែលក្នុងនោះសំឡេងទាំងអស់ត្រូវបានគេដឹងឮ”។

គណបក្សសង្គ្រោះជាតិដែលជាសម្ពន្ធមិត្តក្នុងសភាអាមេរិក និងសមាជិកសភាអាស៊ាន សម្រាប់សិទ្ធិមនុស្ស (APHR) ក៏បានលើកឡើងផងដែរ។

លោក Charles Santiago ប្រធាន APHR បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ កាលពី ម្សិលមិញថា “ប្រសិនបើសមាជិកសហគមន៍អន្តរជាតិរួមទាំង និងជាពិសេសម្ចាស់ជំនួយមិន និយាយចេញនិងចាត់វិធានការឥឡូវនេះ ពួកគេប្រឈមកនឹងការជាប់ពាក់ព័ន្ធការធ្លាក់ចូលរបស់ កម្ពុជាទៅក្នុងរបបផ្តាច់ការទាំងស្រុង”។

លោក Alan Lowenthal សមាជិកសភាអាមេរិកដែលសង្កាត់កាលីហ្វ័រញ៉ារួមទាំងសហគមន៍ខ្មែរ ដ៏ធំនៅអាមេរិកបានលើកឡើងថា លោកនឹង “បន្តគាំទ្រប្រទេសជាតិរបស់យើងដើម្បីកុំឱ្យ មានការដាក់សម្ពាធនយោបាយតាមដែលយើងអាចធ្វើទៅបាន”។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិរស់នៅក្នុងភាពនិរទេសខ្លួន ដែលបានលាលែងកាលពីខែកុម្ភៈ ក្រោយពីគណបក្សប្រជាជនកម្ពុជាបានអនុម័តច្បាប់ ដែល ផ្ដោតគោលដៅលើភាពជាមេដឹកនាំរបស់លោក បានហៅការចាប់ខ្លួននេះថា “ជាការ ប៉ុនប៉ងកាត់ផ្ដាច់ទំនាក់ទំនងគណបក្សប្រឆាំងរយៈពេលមិនដល់១ឆ្នាំផងមុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលគ្រោងធ្វើនៅខែកក្កដា ឆ្នាំ២០១៨”។

ឧត្ដមសេនីយ៍ អភិបាល រដ្ឋមន្ត្រីកម្ពុជាបានលើកឡើងផ្សេងៗគ្នានៅក្នុងអត្ថបទ ដែលចុះផ្សាយ ដោយគេហទំព័រព័ត៌មាន Fresh News សម្ដែងការគាំទ្ររបស់ខ្លួនចំពោះអ្វីដែលពួកគេចាត់ទុកថា ជាការដែលរដ្ឋាភិបាលការពារអធិបតេយភាពរបស់ខ្លួន។

បញ្ជាការដ្ឋានកងកាំភ្លើងធំនៃកងយោធពលខេមរភូមិន្ទបាននិយាយនៅក្នុងញត្តិគាំទ្ររបស់ខ្លួនថា “យើងខ្ញុំទាំងអស់គ្នាជានាយ ទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានកាំភ្លើង ធំអគ្គបញ្ជាការទាំងអស់គាំទ្រយ៉ាងពេញទំហឹងចំណាត់ការរបស់រដ្ឋាភិបាល ដែលបានចាប់ខ្លួន ជនក្បត់ជាតិ កឹម សុខា ដែលបានឃុបឃិតជាមួយជនបរទេស ដើម្បីដំណើរការ ធ្វើបដិវត្តន៍ពណ៌ ផ្ដួល រំលំរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គមនិងសន្តិភាព នៅកម្ពុជា”។

លោក កឹម សុខា បានចំណាយពេលជាង១ឆ្នាំចាំមើលការនិយាយ និងចលនារបស់លោក។ លោកបានចំណាយពេល៧ខែកាលពីឆ្នាំមុនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សដើម្បីគេចពីការចាប់ខ្លួនទាក់ទិននឹងរឿងក្តី “សញ្ចរកម្ម” ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ”។

loading…

លោក មាស នី អ្នកវិភាគនយោបាយបាននិយាយថា ការចោទប្រកាន់ពីបទជនក្បត់ជាតិនេះ មានតាំងពីរបបគ្រប់គ្រងអំណាចរបស់ព្រះមហាក្សត្រ នរោត្តម សីហនុ មកម៉្លេះដែលគេឃើញ ការក្បត់ជាតិគ្រប់ទីកន្លែង ទសវត្សរ៍ឆ្នាំ១៩៦០រហូតដល់ចុងបញ្ចប់ ដែលទាក់ទងនឹងមន្ត្រីដែល ទីបំផុត បានងាកមកប្រឆាំងព្រះអង្គវិញនៅក្នុងរដ្ឋប្រហារឆ្នាំ១៩៧០។

លោកបានថ្លែងថា “ពាក្យក្បត់ជាតិ ត្រូវបានគេប្រើលើនរណាម្នាក់ដែលប្រឆាំងគាត់”។ ដោយលោកបន្ថែមថា ការចោទប្រកាន់លោក កឹម សុខា ទំនងជាធ្វើឡើងបន្ទាប់ពីចោទអ្នក ផ្សេងៗទៀត ខណៈលោក ហ៊ុន សែន បន្តធ្វើស្រដៀងគ្នានេះរវាងការគាំទ្ររបស់អាមេរិក ចំពោះរបប លន់ នល់ រយៈពេលច្រើនទសវត្សរ៍កន្លងមក និងវាជាការគាំទ្រដែលគេបានអះអាង សម្រាប់គណបក្សសង្គ្រោះជាតិ។

លោក មាស នី បានថ្លែងថា “ខ្ញុំគិតថា វាជាចោទសួរពីមូលហេតុដែលអ្វីៗបានធ្លាក់ចូលជាកន្លែង តែមួយភ្លាមៗ”៕ ស៊ុយឈាង និង សារុន

អត្ថបទចុងក្រោយដកស្រង់ពី Cambodia Daily

150 total views, 1 views today

Facebook Comments