អបអរសាទរទិវាសិទ្ធិមនុស្សសកល ១០ ធ្នូ

នៅថ្ងៃទី ១០ ខែធ្នូ ចាត់ជាទិវាសិទ្ធិមនុស្សសកលដែល​អង្គការ​សហ​ប្រជាជាតិបានប្រកាសឲ្យប្រើតាំងពីឆ្នាំ ១៩៤៨ ដើម្បីលើក​ស្ទួយ​សិទ្ធិសេរីភាព​របស់មនុស្ស ពោលគឺ ត្រូវការឲ្យមនុស្សចេះ​គោរព​គ្នាក្នុងនាមជាមនុស្សជាតិតែមួយ ។

ចំណុចសំខាន់នៃសិទ្ធិមនុស្ស និង កាតព្វកិច្ចរបស់មនុស្ស គឺ ការគោរព​គ្នា ឲ្យតម្លៃគ្នា ផ្ដល់កិត្តិយសដល់គ្នា យើងត្រូវការឲ្យអ្នក​ដទៃគោរពនិងបដិបត្តិចំពោះខ្លួនយើងយ៉ាងណា គប្បីគោរពនិង​បដិបត្តិចំពោះអ្នកដទៃយ៉ាងនោះដែរ សមដូចពុទ្ធសាសន​សុភាសិតថា គរុ ហោតិ សគារវោ​​  មានគោរពទៅក៏មានគោរពមក ឬថា វន្ទកោ បដិវន្ទនំ សំពះទៅសំពះមក ។

ប្រទេសកម្ពុជាបានចូលជាសមាជិករបស់អង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែធ្នូ ១៩៥៥ ហើយមានកាតព្វកិច្ចត្រូវ​គោរពតាម​ធម្មនុញ្ញ​សហប្រជាជាតិ ក្រោយពីប្រទេសកម្ពុជាមានការបោះឆ្នោតសកល ១៩៩៣ ដែលជ្រោមជ្រែងដោយ UNTAC និង​ប្រកាស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ​ថ្មី ១៩៩៣  ប្រទេសកម្ពុជាបានបញ្ញត្តសេចក្តីប្រកាស​ជាសកល​ស្តីពីសិទ្ធិមនុស្សទុក​ក្នុងរដ្ឋធម្មនុញ្ញត្រង់​មាត្រា ៣១ ថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជា​សកល​ស្តីពី​សិទ្ធិមនុស្ស និងកតិកាសញ្ញាព្រមទាំង​អនុសញ្ញាទាំងឡាយ​ទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ ហេតុនោះ ប្រទេសកម្ពុជាត្រូវមានកាតព្វកិច្ចក្នុងការគោរព ជ្រោមជ្រែង​និងការ​ពារ​សិទ្វិមនុស្សដែល​ធានាទទួល​ស្គាល់ដោយ​រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា ។

ក្នុងស្ថានការណ៍ដែលប្រទេសកម្ពុជាស្ថិតក្រោមឥទ្ធិពលរបស់អ្នកដឹកនាំដែលមានប្រវត្តិសាវតារមិនស្អាតស្អំផ្នែកសិទ្ធិមនុស្សនេះ សូម្បីតែ​ជាទិវាសិទ្ធិមនុស្សសកលក៏ដោយ ក៏កើតមានបញ្ហានិង​ឧបសគ្គដែលបង្កឡើងដោយរបបនយោបាយសព្វថ្ងៃនេះដែរ បន្ថែមបញ្ហាលើបញ្ហាក្លាយជាវិបត្តិផ្នែកសិទ្ធិមនុស្សនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរថ្នាក់ជាតិថែមទៀត ។

បញ្ហាវិបត្តិសេដ្ឋកិច្ច​បង្កឲ្យកម្មករ កម្មការិនី  កសិករ ការងារឯករាជ្យ ដូចជាអ្នកបើកបររថយន្តឈ្នួល  រួមទាំងមន្រ្តីរាជការ​ទូទាំង​ប្រទេស​ដែលកំពុងតែជួបប្រទះភាពលំបាកធ្វើការដោយគ្មានសុវត្ថិភាពគ្រប់គ្រាន់ ។

ក្នុងជ្រុងទស្សនៈនៃសិទ្ធិមនុស្ស មនុស្សវ័យធ្វើការ គឺជាបេះដូងនៃ​សេដ្ឋកិច្ចដែលជួយឲ្យសង្គមមានវឌ្ឍនភាពជឿនលឿន​ទៅមុខ​បានដូចយ៉ាងបណ្ដាប្រទេសមួយចំណួន ដូច្នេះ ក្រុមមនុស្សវ័យ​ធ្វើការ​ទំាងនោះត្រូវមានការងារធ្វើ ត្រូវមានស្ថិរភាពក្នុង​តួនាទី​ការងារ មានសន្តិសុខផ្ទាល់ខ្លួន រដ្ឋាភិបាលត្រូវថ្នាក់​ថ្នមមនុស្ស​ទាំងនោះមិនឲ្យកើតមានបញ្ហាដែលជាឧបសគ្គនៃអភិវឌ្ឍនកម្ម  រដ្ឋាភិបាលត្រូវកសាងប្រព័ន្ធធានារ៉ាប់រងការពារមិនឲ្យមានការល្មើសសិទ្ធិមនុស្សកើតឡើងក្នុងសង្គម ដោយផ្ដល់​ឱកាសឲ្យ​ប្រជា​ជនចូលរួមចំណែកក្នុងការសម្រេចចិត្តរកវិធីដោះស្រាយបញ្ហានានា បញ្ហាជម្លោះដីធ្លី បរិស្ថាន ការពារព្រៃឈើ ធនធាន​ធម្មជាតិ បញ្ហា​អន្តោប្រវេសន៍ បញ្ហាព្រំដែន ដែលសុទ្ធតែមានការពាក់ព័ន្ធ​ទៅនឹង​ការបដិបត្តិតាម​រដ្ឋធម្មនុញ្ញនិង​បានផ្ដល់សិទ្ធិឲ្យ​ប្រជាជនចូលរួម តាមដាន ពិនិត្យ ទទួលយកពត៌មាន ដើរធម្មយាត្រា ធ្វើសកម្មភាព​មនុស្សធម៌បានដោយសេរី​ដើម្បីជា​ប្រយោជន៍​ដល់សង្គមជាតិ ។

រឿងសិទ្ធិមនុស្សជាមូលដ្ខាន រដ្ឋាភិបាលគួរលើកយកមក​ជារបៀប​វារៈ​ថ្នាក់ជាតិដើម្បីបើកផ្លូវឲ្យប្រជាជន​ប្រើសិទ្ធិសេរីភាព​របស់ខ្លួន​បានទៅតាមសមត្ថភាពដោយមិនប្រកួចប្រកាន់និន្នាការផ្នែកនយោបាយរបស់ប្រជាជននោះទេ  ប៉ុន្តែរដ្ឋាភិបាល​ត្រួវ​ផ្ទៀងត្រចៀកស្តាប់​មតិយោបល់របស់ប្រជាជនដែលប្រើសិទ្ធិសេរីភាពទាំងនោះដោយយកចិត្តទុកដាក់និងដោះស្រាយបញ្ហានានាទៅតាមសេចក្តីត្រូវការភាគច្រើនរបស់ប្រជាជន ព្រោះសង្គមកម្ពុជាមានភាពចម្រុះដោយ​បក្សនយោបាយ ហេតុនោះ រដ្ឋាភិបាលត្រូវបើកចិត្តឲ្យទូលាយ​ចំពោះមតិយោបល់របស់ប្រជាជន ត្រូវគោរពសិទ្ធិនិន្នាការ​នយោបាយ​របស់ប្រជាជន បើក​វេទិកា​ប្រមូលផ្តុំមតិយោបល់​រឿងបញ្ហាដែលត្រូវដោះស្រាយ  ត្រូវជួយគ្នាសាង​ស្ថិរភាព​នយោបាយ ទោះបីមានគំនិតឬនិន្នាការ​នយោបាយ​ផ្ទុយគ្នាក៏ដោយ ព្រោះនោះគ្រាន់តែជាសិទ្ធិសេរីភាពផ្នែកគំនិតជាមូលដ្ឋានរបស់មនុស្សម្នាក់ ៗ ប៉ុណ្ណោះ ផ្ទុយទៅវិញ​ត្រូវប្រមូលយកគោលគំនិត​ដែល​ជាផលប្រយោជន៍ជាតិដោយមិនល្មើសសិទ្ធិបុគ្គល ។

ម្យ៉ាងទៀត  ប្រព័ន្ធតុលាការត្រូវធ្វើការងារយ៉ាង​ឥស្សរៈដោយ​គ្មានការជ្រៀតជ្រែកពីអ្នកនយោបាយ ក្នុងន័យថា ល្អត្រូវតែ​នាំមុខ​អាក្រក់ យុត្តិធម៌ត្រូវតែនាំមុខអយុត្តិធម៌ ការគំរាមកំហែង ការចាប់មនុស្សរងថ្មបាក់  ការប្លន់យកទ្រព្យសម្បត្តិរាស្ត្រដោយ​ក្រុម​អ្នកមានអំណាច និងបញ្ហាពុករលួយ ជាដើម មិនមានផលចំណេញ​អ្វីដល់កិត្តិនាមរបស់រដ្ឋាភិបាលទេ

សិទ្ធិមនុស្សតាមទស្សនៈព្រះពុទ្ធសាសនបានចែងថា អត្តានំ ឧបមំ កត្វា​ បុគ្គលគប្បីយកខ្លួនជាគ្រឿងឧបមា គឺ យកខ្លួនជា​គ្រឿងប្រៀប​ធៀប​នឹងអ្នកដទៃថា បើខ្លួនស្រឡាញ់សេចក្តីសុខ អ្នកដទៃក៏​ស្រឡាញ់​សេចក្តីសុខដែរ បើខ្លួនស្អប់សេចក្តីទុក្ខ អ្នកដទៃក៏ស្អប់​សេចក្តីទុក្ខដែរ បុគ្គលកាលបើពិចារឃើញសេចក្តីពិតនេះហើយ មិនគប្បីបៀតបៀនបុគ្គលដទៃទេ  ប្រសិនបើសង្គម​កម្ពុជាចេះ​គោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមក បញ្ហាវិបត្តិសង្គម នយោបាយ​ឬសេដ្ឋកិច្ចប្រាកដ​ជាអាច​ដោះ​ស្រាយ​បាន ។

ម្យ៉ាងទៀត   ការការពារសិទ្ធិមនុស្ស មិនត្រូវប្រកាន់ឬបែង​ចែកវិធី​បដិបត្តិទេ ទោះជាជាតិសាសន៍ សាសនា ព៌ណសម្បុរ ភេទ វ័យ អាយុ ស្ថានភាព វប្បធម៌របស់មនុស្សនោះយ៉ាងណាក៏ដោយ  ព្រោះថា ជាតិកំណើតជាមនុស្សនេះ មិនមានបុគ្គលណាមកលួច​ឆក់ប្លន់យកទៅបានទេ     ការគោរពសិទ្ធិមនុស្ស​នាំឲ្យមនុស្ស​ចេះយកអាសាគ្នា ហើយសង្គមជាតិ​ក៏មានស្ថេរភាព​និងសន្តិភាព​យ៉ាងពិតប្រាកដ ។

សង្គមកម្ពុជាត្រូវបានអំណាចងងឹត គឺ អវិជ្ជា ចូលគ្របសង្កត់  អំណាចងងឹតនេះតែងរំលោភសិទ្ធិមនុស្សជារឿយ ៗ មិនតែ​ប៉ុណ្ណោះ​កម្ពុជា​កំពុងតែដើរលើផ្លូវមិច្ឆាទិដ្ឋិនិង​ផ្លូវជំនឿឆ្វេងដែលផ្ទុយ​នឹងផ្លូវ​សម្មាទិដ្ឋិនិងផ្លូវជំនឿស្តាំ ផ្លូវមិច្ឆាទិដ្ឋិធ្វើ​ឲ្យកើត​អហង្ការ អួត អាង អញ ឯង ងងឹតងងុលពុលឥទ្ធិពលបរទេសយ៉ាងវក់វី  មើលឃើញ​ប្រជាជនខ្លួន​បីដូចជាមច្ឆាបន្លែបង្កា ដែលឲ្យ​តម្លៃត្រឹមតែជាមនុស្ស​មិនផុតពីដីស្មើស្មៅឬសត្វតិរច្ឆាន អ្នកដែលប្រឆាំងតវ៉ាទាមទារ​អ្វីក៏ដោយ ចាត់ទុកថាជាមូសរុយ​ដែល​ត្រូវ​កម្ចាត់បង់តែម្យ៉ាង ដោយឥទ្ធិពលមិច្ឆាទិដ្ឋិនេះហើយ ទើបធ្វើឲ្យប្រជាជនរង​ទុក្ខក្តៅ​ក្រហាយ ស្លាប់បាត់បង់ជីវិត​ក្រោម​ស្នាដៃនៃ​របបដឹកនាំគ្រប់​ជំនាន់​ដោយគ្មានថ្ងៃណាបញ្ចប់នោះទេ ទឹកដីកម្ពុជាក្លាយជា​ទឹកដីក្តៅដែល​ធ្វើឲ្យប្រជាជន​រស់នៅទាំង​ត្រដរ​រើបម្រះ គួរនាដូចជាត្រីប៉ះ​ទឹកក្តៅ​ដូច្នោះ ។

ព្រះពុទ្ធសាសនាជាសាសនាដែលឲ្យតម្លៃមនុស្សដោយស្មើភាពគ្នា និងបង្រៀនឲ្យមនុស្សរស់​នៅជាមួយគ្នាបាន​យ៉ាងសុខដុម​រមនា​ដោយ​វិធីសាស្ត្រច្រើនយ៉ាង ដូចជាការសាងសម្មាទស្សនៈ គឺ  បង្រៀន​មនុស្សឲ្យមើល​ឃើញមនុស្សដូច​គ្នាជាបងប្អូន​នឹង​គ្នាឬថាជាគ្រួសារតែមួយ (លោកយើង គ្រួសារយើង one world, one family)  ហេតុនោះ ក្នុងសម័យពុទ្ធកាល ព្រះពុទ្ធជាម្ចាស់​ទើប​ព្យាយាមកែទម្រង់លទ្ធិជំនឿរបបវណ្ណៈដែលឲ្យតម្លៃមនុស្សត្រឹមតែព៌ណសម្បុរហើយបានផ្ដល់ឱកាសឲ្យស្រ្តីបុរសមានឱកាសក្នងការសិក្សាអប់រំ ហ្វឹកហាត់ អភិវឌ្ឍខ្លួនដើម្បីលើកស្ទួយ​ស្ថានភាពឲ្យ​បាន​ខ្ពង់ខ្ពស់​ប្រកបដោយសមភាពក្នុងសង្គម​ដែល​នាំឲ្យមាន​មេត្តា​ករុណា​ចំពោះសព្វជីវិតនៃមនុស្សសត្វទូទាំងសាកលលោក ។

មូលដ្ឋានសិទ្ធិមនុស្សតាមទស្សនៈផ្លូវលោកបានដល់ក្រមច្បាប់ដែលត្រូវបដិបត្តិដោយស្មើមុខគ្នា ប្រសិនបើច្បាប់បានកំណត់​មាត្រា​​នីមួយៗ​និងអនុវត្តបានយ៉ាងត្រឹមត្រូវយុត្តិធម៌ទៀងត្រង់ហើយ ប្រជាជនក៏មិន​សូវ​មានការរំលោភ​បំពានសិទ្ធិសេរីភាព​គ្នាទេ    ផ្ទុយទៅវិញបើ​ច្បាប់​បញ្ញត្តឡើងដោយអគតិភាពនិងអ្នកអនុវត្តច្បាប់គ្មានចិត្តយុត្តិធម៌ទៀងត្រង់ ប្រជាជននឹងត្រូវគេ​រំលោភបំពាន ទាំងមិនបានទទួល​សិទ្ធិ​ក្នុងការគ្រប់គ្រងការពាររកដោះស្រាយទេ ព្រោះជនល្មើស​មិនត្រូវ​បាន​ចាប់ខ្លួនមក​ដាក់​ទោសទណ្ឌ ព្រោះហេតុនោះ ការផ្ញើសិទ្ធិ​សេរីភាព​​ទៅលើក្រមច្បាប់ក្នុងសង្គមកម្ពុជា​ទើបមិនមានគោល​ធានាថា​នឹងមិន​ត្រូវ​គេរំលោភបំពាននោះទេ    ពីព្រោះច្បាប់កម្ពុជា​មិនអាចប្រើប្រាស់បានយ៉ាងយុត្តិធម៌ចំពោះប្រជាជនគ្រប់គ្នាបានទេ គោលការណ៍​ច្បាប់គ្មានប្រសិទ្ធិភាពអ្វី​ឡើយ​ក្នុងការអនុវត្តតាម​ស្ថានភាពពិតជាក់ស្ដែង ។

មូលដ្ឋានសិទ្ធិមនុស្សតាមទស្សនៈផ្លូវធម៌ គឺ សម្មាទស្សនៈ (right understanding) ធម្មជាតិមនុស្ស គឺ ស្អប់ទុក្ខ ស្រឡាញ់សុខ ភ័យខ្លាច​ចំពោះសេចក្ដីស្លាប់ដូចគ្នាទាំងអស់ កត្តាទាំងនេះឯង​ទើបតម្រូវ​ឲ្យមនុស្សត្រូវរស់នៅជាមួយគ្នាប្រកបដោយភាតរភាព សមដូចពុទ្ធសាសនិកជននិយមផ្សាយមេត្តាថា

សព្វេ សត្តា អវេរា ហោន្តុ, អនីឃា ហោន្តុ អព្យាបជ្ឈា ហោន្តុ សុខី អត្តានំ បរិហរន្តុ

សព្វសត្វដែលជាមិត្តរួមទុក្ខ គឺ កើត ចាស់ ឈឺ ស្លាប់ ដូចគ្នា សូមឲ្យរស់នៅបានសុខក្សេមក្សាន្ត សូមកុំមានកម្មពៀរវេរាចំពោះគ្នា​ឡើយ​ សូមឲ្យរស់នៅបានសុខក្សេមក្សាន្ត សូមកុំមានអាឃាតព្យាបាទចំពោះគ្នាឡើយ សូមឲ្យរស់នៅបានសុខក្សេមក្សាន្ត សូមកុំមានសេចក្តីទុក្ខកាយទុក្ខចិត្តឡើយ សូមឲ្យមានសេចក្តីសុខកាយសុខចិត្ត រក្សាខ្លួន​ឲ្យរួច​ផុតពីទុក្ខភ័យ​ដូច​ៗ​គ្នាទៅហោង

ប៉ុន្តែរបបដឹកនាំសព្វថ្ងៃប្រកបដោយមិច្ឆាទិដ្ឋិនិងជំនឿវិកល ទើប​មាន​គំនិតគិតបែងចែងប្រជាជនដែលមាននិន្នាការនយោបាយ​ផ្ទុយ​ពី​ខ្លួនថា ជាមនុស្សតូចទាបអន់ជាងខ្លួន អាចគំរាមកំហែង វាយធ្វើបាប សង្កត់ជិះជាន់ កាប់សម្លាប់ រំលោភបំពានបានយ៉ាង​ងងើល ដោយ​មិន​ដឹងថា ទង្វើទំាងនោះខុសឆ្គងនោះទេ ប្រការនេះ​ត្រូវ​សិក្សា​ឈ្វេងយល់ ឲ្យដឹងសេចក្តីពិត​តាមសម្មាទស្សន​វិស័យ ទើបធ្វើ​ឲ្យ​ខ្លួនឯងមិនវង្វេងដើរលើផ្លូវខុសនិង រួចផុតពីការបង្ក​មហាប្រល័យ​ជាតិ​​សាសន៍​ខ្មែរគ្នាឯងបាន ។

បាងកក ១០ ធ្នូ ២០១៦

សហនិពន្ធ : ព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ និង ព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ។

loading…

1,849 total views, 1 views today

Facebook Comments